ខេត្តកណ្ដាល៖ បុរសជាអ្នករួមដំណើរលើគោយន្តកន្រ្តៃម្នាក់ទទួលរងរបួសធ្ងន់ ខណៈដែលកំពុងជិះលើគោយន្ត ត្រូវគោយន្តរបូតកង់មួយចំហៀង បណ្ដាលឲ្យរេចង្កូតទៅឆ្វេង ស្របពេលដែលមានរថយន្តមួយគ្រឿងទៀតកំពុងបើកមកពីក្រោយស្របទិសគ្នា ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បានបុកគោយន្តពីក្រោយពេញមួយទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៣-២៤ នៅវេលាម៉ោង៩និង១៦នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ជា ឌឹម ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិស្វាយប៉ាត់ ឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ ជាអ្នករួមដំណើរលើគោយន្តបង្កម៉ាកKUBOTA ដែលបើកបរដោយឈ្មោះ ហ៊ុន សៀងហាន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្រពាំងត្នោត ឃុំជ្រលុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកភាគីខាងរថយន្តម៉ាកMITSUBISHI TRITON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AW-7581 បើកបរដោយឈ្មោះ ឱម ស្រីសុធា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ ស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញគោយន្តកន្រ្តៃខាងលើ បើកបរតាមបណ្ដោយផ្លូជាតិលេខ៥ ក្នុងទិសដៅពី ត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែគោយន្តកន្ត្រៃខាងលើ បានរបូតកង់ខាងឆ្វេង ហើយរេចង្កូតទៅខាងឆ្វេងដៃ ស្របពេលនោះក៍មានរថយន្តមួយគ្រឿង ម៉ាកMITSUBISHI TRITON បើកបរក្នុងទិសដៅពីត្បូងទៅជើង (ស្របទិសគ្នា) គេចមិនទាន់ ជាន់ហ្រ្វាំងមិនជាប់ បានបុកគោយន្តពេញមួយទំហឹង បណ្តាលឲ្យបុកគោយន្តពេញទំហឹងតែម្តង ធ្វើឲ្យអ្នករួមដំណើរលើគោយន្តកន្ត្រៃរងរបួសធ្ងន់ និងអ្នកបើកបររងរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុហៅរឺម៉ក(តុកៗ)ដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជនស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបាននគរបាលជំនាញ ចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ