ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយបាន បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកនៅទីកើតហេតុភ័យ ស្ទើរលោះព្រលឹង នៅពេលមានរថយន្តធុនធំដឹកថ្មមួយគ្រឿងរេចង្កូតសំដៅបុកផ្ទះ បណ្តាលឲ្យមនុស្សរបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង១២ និង៤៥នាទី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ស្ថិតនៅ ភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
អ្នកបើកបររថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះឌី ម៉ានីន ភេទប្រុស អាយុ១៨ ឆ្នាំជាតិខ្មែរទីកន្លែងកំណើតនៅ ភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(គ្មានរបួស)ហើយក៏គ្មានប័ណ្ណបើកបរ ។ ជនបង្កបើករថយន្តម៉ាកហុីយ៉ាន់ដាយ (HYUN DAI) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម3A-4040 (ប្រភេទរថយន្តដឹកថ្ម) ។
សាក្សីនិយាយឲ្យដឹងថា រថយន្តបង្កហេតុបើកបរពីទិសខាងកើតទៅទិសខាងលិច ប្រើប្រាស់ល្បឿនយ៉ាងលឿន នៅពេលចុះចំណោតខណៈ មេឃកំពុងភ្លៀងខ្យល់ ធ្វើឲ្យអ្នកបញ្ជាចង្កូតរថយន្តលែងបានរេមកបុករះពេញទំហឹងតែម្តង ។
ក្រោយកើតហេតុមានអ្នករងរបួសសយ សុខុម ភេទស្រី អាយុ៣៣ ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(របួសស្រាល) ។
ចំណែកសម្ភារចំនួនដូចជា៖ ស្លាកសញ្ញាស្រាបៀហ្គែន្សបឺតចំនួន០១ផ្ទាំង (ខូចទាំងស្រុង), ធុងទឹកកកចំនួន០២ធុង និងគ្រឿងកំប៉ុងមួយចំនួនទៀត, សម្ភារសម្រាប់ដាក់លក់សាំង និងសាំងចំនួន២០លីត្រ, ស្លាកយីហោកាត់ដេរចំនួន០១ផ្ទាំង, បាក់សរសរសំយាប់ផ្ទះចំនួន០១ដើម និងសំយាបផ្ទះ, ឆ័ត្រចំនួន០៣ដើម, ទូរលក់ផ្លែឈើចំនួន០១ និងផ្លែឈើមួយចំនួនទៀត, ជញ្ជីងសម្រាប់ផ្លឹងផ្លែឈើចំនួន០១, អំពូលភ្លើងចំនួន០៣, ម៉ូតូចំនួន០៣គ្រឿង និងកង់មួយចំនួន, បាក់ជញ្ជាំងផ្ទះចំនួន០២ផ្ទាំង និងសម្ភារលក់ដូរមួយចំនួនទៀត ។
ចំពោះអ្នករបួសត្រូវបាននគរបាលហៅរថយន្តពេទ្យដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់ ។
បច្ចុប្បន្នវត្ថុតាង មានរថយន្តចំនួន០១គ្រឿង ត្រូវបាន កម្លាំងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ។ ចំពោះឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះឌី ម៉ានីន ភេទប្រុស អាយុ១៨ ឆ្នាំជាតិខ្មែរ ដើម្បីបំពេញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ វណ្ណៈ