ខេត្តរតនគិរី៖ រឿងក្តៅរសើបបំផុត ក្រោយពីជនជាតិវៀតណាម១២នាក់ នាំគ្រឿងចក្រអាប៊ុលD៦០ ចំនួន៦គ្រឿងចូលឈូសឆាយដីខ្មែរដោយខុសច្បាប់ នៅចំណុចអូរតាយ៉ាក «ឧទ្យានជាតិវរជ័យ» ស្ថិតក្នុង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ២០៣ ចំនួន ៤នាក់ ត្រូវបានដកបញ្ឈរជើង ។
មន្ត្រីនគរបាល៤រូប ដែលដកបញ្ឈរជើងនេះរួមមាន៖ អនុសេនីយ៍ឯក ហួង ភួង, អនុសេនីយ៍ត្រី តឺ ចាយ ប្រធាន និងអនុប្រធានប៉ុស្តិ៍កន្ទុយនាគ, អនុសេនីយ៍ឯក ប្រជូ ព្រៀវ ប្រធានប៉ុស្តិ៍អូរតាយ៉ាក និងអនុសេនីយ៍ឯក ភឿន អ៉ីន ប្រធានប៉ុស្តិ៍អូរយ៉ើល ។
ទាក់ទិនទៅ នឹងការដកមន្ត្រីនគរបាលប៉ុស្តិ៍ព្រំដែនខាងលើស្របពេលផ្ទុះរឿងជនជាតិវៀតណាម ឆ្លងមកឈូសឆាយដីខ្មែរដោយងាយស្រួលនេះ លោកវរសេនីយ៍ ថេង ចន្ធី មេវរការពារព្រំដែនលេខ២០៣ បានប្រាប់សារព័ត៌មាន នៅព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ថា ពួកគាត់ពុំត្រូវបានថ្នាក់លើដកបញ្ឃរជើងនោះទេ ពោលគឺពួកគាត់សុំឈប់សម្រាក ព្រោះមានបញ្ហាសុខភាព ។
បើទោះបីជាយ៉ាងមានប្រភពលើកឡើងថា រឿងរ៉ាវទាំងអស់នេះ និងត្រូវលាតត្រដាងនៅពេលសមត្ថកិច្ចថ្នាក់លើ ចុះស៊ើបអង្កេតព្រោះថា គ្រឿងចក្រធំៗ ជនជាតិវៀតណាមចំនួន១២នាក់ បើគ្មានការបើកភ្លើងខៀវពីមេៗយោធា, នគរបាលការពារព្រំដែនទេ ពិតជាមិនអាចចូលដីខ្មែរដោយរលួនទេ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជនជាតិវៀតណាមចំនួន១២នាក់ ត្រូវបានចៅក្រមតុលាការ ខេត្តរតនគិរី សម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី ។
ជាមួយ និងការ ឃុំខ្លួនជនជាតិវៀតណាមខាងលើ និងការដកមន្ត្រីនគរបាលការពារព្រំដែននេះដែរ មជ្ឍដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការមានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យថ្នាក់លើស្រាវជ្រាវរកមេខ្លោង នៅពីក្រោយខ្នង ដែលយកគ្រឿងចក្រ និងជនជាតិវៀតណាម ចូលមកឈូសឆាយដីព្រៃឈើ នៅតំបន់ឧទ្យានជាតិវរជ័យ មកផ្តន្ទាទោសតាមច្បាប់ ។
គេបានបង្ហើបថា៖ លោកស្នងការរង ហេង រតនា និងលោកផ្កាយ២ ហេង រតនៈ ទទួលបន្ទុកព្រំដែន ត្រូវទទួលខុសត្រូវក្នុងបទល្មើសនេះ មិនត្រូវដកអ្នកតូច ទុកអ្នកធំទទួលទានដំណេកម៉ាសុឺនត្រជាក់ឡើយ៕ សិលា