ភ្នំពេញ៖ មុខសញ្ញាចោរលួចកាច់កញ្ចក់រថយន្តប្រជាពលរដ្ឋ២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខពេលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ កាលពីព្រឹកថ្ងៃពុធ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។
យោងតាមមន្រ្តីជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងជើងវត្តស្រះចក ផ្លូវលេខ៨៦កែងផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចកញ្ចក់ចំហៀងមើលក្រោយរថយន្តម៉ាកតូយ៉ូតាធុនត្រាចំនួន២ផ្ទាំង ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣៦A១ ផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩ វេលាម៉ោង២ និង១៥នាទីទៀបភ្លឺ និងចាប់យកវត្ថុតាងកញ្ចក់ចំហៀងមើលក្រោយរថយន្តម៉ាកធុនត្រាចំនួន០២បន្ទះបញ្ជូនមកកាន់ការិយាល័យដើម្បីសាកសួរ ។
មន្រ្តីដដែលបានបន្តទៀតថា ជនសង្ស័យទាំង២នាក់នេះ ទី១-ឈ្មោះ គុណ កុសល ហៅ ឆក ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានមុរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០ផ្លូវលេខ៦៥បេក្រុមទី១៦៦ភូមិ៨សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ជុំ ឧត្តម ស៊ីដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ឡេង សូឡា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៤៣៦A១ផ្លូវលេខ២៤៥ក្រុមទី១ភូមិ១ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមន្ត្រីរាជការ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ៕ ស រស្មី