ព័ត៌មានទាន់ហេតុការណ៍៖

មុនឡើងគ្រងរាជ្យ ៣ថ្ងៃ ព្រះមហាក្សត្រថៃ ប្រកាសរៀបអភិសេកអគ្គមហេសី

ចែករំលែក៖

ពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រថៃ នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ប៉ុន្តែមុនពេលឡើងគ្រងរាជ្យ ព្រះអង្គចង់ឲ្យមានអគ្គមហេសីជាផ្លូវការ ទើបគ្រងរាជ្យសម្បត្តិ ។ សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះអង្គទ្រង់រៀបរាជាភិសេកជាមួយអគ្គមហេសីអង្គនេះ ស្របទៅតាមច្បាប់ និងប្រពៃណីរបស់រាជវង្សានុវង្ស ។

ព្រះមហាក្សត្រ Vajiralongkorn បានស្នងរាជសម្បត្តិបន្តពីព្រះបិតា ដែលបានសោយទិវង្គត កាលពីឆ្នាំ២០១៦ កន្លងទៅ ។ ព្រះអង្គនឹងក្លាយជាស្តេចរាមា (Rama) ទី១០ (X) របស់រាជាណាចក្រថៃ ។ ស្តេចរាមាទី១របស់ប្រទេសនេះ បានឡើងគ្រងរាជសម្បត្តិ នៅក្នុងឆ្នាំ១៧៨២ ។

សារព័ត៌មានស៊ីអិនអិន បានផ្សាយ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn Bodindradebayavarangkun បានរៀបរាជាភិសេកអគ្គមហេសី Suthida Vajiralongkorn Na Aydhaya មុនពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលស្តេចអង្គនេះ ទ្រង់ឡើងគ្រងរាជសម្បត្តិជាផ្លូវការ ។ នេះជាការរៀបរាជាភិសេកលើកទីបួនរបស់ស្តេចថៃអង្គនេះ ។

សេចក្តីថ្លែងការណ៍ ចេញពីព្រះបរមរាជវាំងថៃ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះជន្ម៦៦ព្រះវស្សា បានសម្រេចរៀបរាជាភិសេកអគ្គមហេសី Suthida Vajiralongkorn Na Aydhaya និងបានសម្រេចតែងតាំងមហេសីរបស់ព្រះអង្គ ឲ្យក្លាយជាព្រះមហាក្សត្រី Suthida ។ ព្រះមហាក្សត្រីអង្គនេះ នឹងមានងារ និងឋានៈជាសមាជិករាជវង្សានុវង្សថៃ តរៀងទៅ ។

ពិធីឡើងគ្រងរាជសម្បត្តិផ្លូវការរបស់ព្រះមហាក្សត្រ Maha Vajiralongkorn នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មានរបស់ស៊ីអិនអិន បានផ្សាយថា នេះជាការរៀបរាជាភិសេក លើកទីបួន របស់ព្រះបាទ Maha Vajiralongkorn ។ ព្រះអង្គបានរៀបរាជាភិសេកលើកទីមួយ ជាមួយមហេសី Soamsawali Kitiyakara នៅក្នុងឆ្នាំ១៩៧៧ ហើយចូលមកដល់ឆ្នាំ១៩៩៤ ទ្រង់បានរៀបរាជាភិសេកជាមួយមហេសី Yuvadhida Polpraserth ។ លុះមកដល់ឆ្នាំ២០០១ ព្រះអង្គបានរៀបរាជាភិសេសជាមួយមហេសី Srirasmi Suwadee ។ ព្រះមហាក្សត្រ Maha Vajiralongkorn Bodindradebayavarangkun មានព្រះរាជបុត្រី២ព្រះអង្គ និងបុត្រា៥ព្រះអង្គ ។ ក្នុងចំណោមបុត្រទាំងនេះ មានតែមួយអង្គគត់ ដែលទទួលស្គាល់ជាផ្លូវការថា រាជបុត្រ៕


ចែករំលែក៖