ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី រោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែង បណ្តាលឲ្យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅរោងចក្រយីហោ ជីជី ហ្វេសសិន(ខេមបូឌា) ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គ្រោះអគ្គិភ័យឆាបឆេះរោងចក្រខាងលើ បណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួនដូចជា ឆេះក្រណាត់សំលៀកបំពាក់ និងឆេះកេះសម្រាប់វេចខ្ចប់សំលៀកបំពាក់នាំចេញទៅបរទេស ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានបញ្ជាក់ទៀតថា រោងចក្រខាងលើ មានថៅកែជាជនជាតិហ្វីលីពីនបានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ដោយសារឆ្លងចរន្តអគ្គិសនីចេញពីប្រអប់ភ្លើងនៅក្នុងរោងចក្រ ទើបបណ្តាលឲ្យឆាបឆេះខ្សែភ្លើង និងរាលដាលឆេះក្រណាត់សំលៀកបំពាក់ដេររួចហើយបម្រុងនឹងវេចខ្ចប់ដាក់ក្នុងកេស តែមិនបានបញ្ជាក់ថា សំលៀកបំពាក់រងការឆាបឆេះនោះឡើយ ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈពេលភ្លើងឆាបឆេះភ្លាមៗ អ្នកគ្រប់គ្រងភ្លើងបានផ្តាច់ចរន្តអគ្គិសនី ហើយបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ និងទាញទុយយោទឹកក្នុងរោងចក្រដើម្បីបាញ់ពន្លត់ភ្លាមៗផងដែរ តែមិនទាន់រលត់ ទើបហៅរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងមកជួយពន្លត់បន្ត ហើយភ្លើងក៏បានរលត់ទៅវិញ ៕ សុខាសែនជ័យ