ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើន កត់សម្គាល់ថា ឱ្យតែជនសង្ស័យជាមន្ត្រី ឬ អ្នកមានស្តុកស្តម្ភ នៅពេលចាប់ខ្លួនបញ្ជូនមកតុលាការម្ដងៗ សមត្ថកិច្ចតែងតែបេីកឡានចូលដល់ក្នុងតុលាការ ដែលអ្នកសារព័ត៌មានគ្មានសិទ្ធិចូលថតឡើយ ដែលខុសគ្នាទាំងស្រុងពីជនសង្ស័យ ដែលមានសភាពក្រីក្រតោកយ៉ាក ត្រូវបណ្តេីរចូលតុលាការយ៉ាងសន្សឹមៗ ។
នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នេះ លោក ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ករណីបាញ់ចំនួន៥គ្រាប់ បណ្តាលឱ្យបែកកញ្ចក់ឡាន ក្នុងគោលបំណងប៉ុនប៉ងឃាតកម្ម ។
ការសម្រេចចាប់ខ្លួនលោកឌួង ណាគ្រី នេះ បន្ទាប់ពីមហាជនរិះគន់យ៉ាងខ្លាំងក្លា ថា”សមត្ថកិច្ចពុំគួរពិន័យត្រឹមកងកម្លាំងនោះទេ”គួរចាត់ការតាមបទល្មើសព្រហ្មទណ្ឌ ។
ទោះបីយ៉ាងណា ពេលនេះ មជ្ឈដ្ឋានជាច្រើនរង់ចាំមេីលថា តេីតុលាការនឹងសម្រេចយ៉ាងដូចម្ដេចចំពោះលោកឌួង ណាគ្រី ។
សូមបញ្ជាក់ថា ជនបង្កដែលបាញ់៥គ្រាប់បណ្ដាលបែកកញ្ចក់ឡាន ក្នុងបទល្មើសប៉ុនប៉ងឃាតកម្ម គឺ លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ ចំណែកជនរងគ្រោះ ឈ្មោះ ភូរិស្ស ស្តូរ៉ា់ ជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS ។
ជនរងគ្រោះ ភូរិស្ស ស្តូរ៉ា់ ជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS ថ្លែងប្រាប់ថា លោកពុំដែលស្គាល់ ឬ ធ្លាប់មានទំនាស់ជាមួយជនបង្កនោះទេ ។ ប៉ុន្តែនៅយប់កេីតហេតុ គឺ ជនបង្កមានលក្ខណៈស្រវឹងជោកជាំ ទេីបឈានដល់ការបាញ់បំបែកកញ្ចក់ឡានរបស់លោក ។ ពេលនេះ លោកបានដាក់ពាក្យបណ្ដឹងជាផ្លូវការហើយ ដេីម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ទៅលេីជនបង្ករូបនេះ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ថា បន្ទាប់ពីហេតុការណ៍បាញ់ប្រហារកេីតឡើងកាលពីវេលាម៉ោង០០៖៥៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៣៦៣កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ គឺ មានអន្តរាគមន៍ជាច្រើនពីមន្ត្រីគ្រាក់ៗឱ្យមានការសម្របសម្រួលគ្នា ។ ប៉ុន្តែដោយសារជនរងគ្រោះមិនព្រមទេីបឈានដល់ការដាក់ពាក្យបណ្ដឹង ឃាត់ខ្លួនជនបង្កតែម្តង ។
មាត្រា២៧នៃក្រមព្រហ្មទណ្ឌ ចែងថា”ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះ ត្រូវបានបំពេញ ៖
-ចារីបានចាប់ផ្ដើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដេីម្បីប្រព្រឹត្តបទល្មើស និង ចារីមិនបានបញ្ឈប់អំពើរបស់ខ្លូនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬ អាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លូន ។
អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដេីម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្ដើមអនុវត្តទេ ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ”។
មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ចែងថា”អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រេីអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាតកម្មគិតទុកជាមុន)ដល់មាត្រា២០៥(បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ)នៃក្រមនេះ គឺ ជាឃាតកម្ម ។
ឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ៕ ចេស្តា