ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលរឿងគាស់លក់ដើមស្វាយតានីជាប់ពាក់ព័ន្ធប្រវត្តិសាស្ត្រនៅស្រុកបាភ្នំ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋដែលមានជំនឿអរូបីរឿងដើមស្វាយតានី ដែលពល​រដ្ឋខ្មែរទូទៅនៅស្រុកបាភ្នំបានស្គាល់ថាជាដើមស្វាយមានបារមី តាមរយៈចម្រៀង១​បទដែលមានចំណងជើងថា «ឈើកាច់បាភ្នំ» នោះ ពេលនេះស្រាប់តែលេចឮព័ត៌មានថា ត្រូវបានគេគាស់លក់ទៅឲ្យឈ្មួញបម្រុងនាំចេញទៅប្រទេសវៀតណាម ប៉ុន្តែទំនងជា​ដើមស្វាយតានី មានបារមីពិតមែន ទើប​បណ្តាលឲ្យរឿងរ៉ាវនេះ ដឹងដល់មន្រ្តីធំ​ម្នាក់ តាមទៅទិញយកមកវិញ និងដាក់ដាំ​នៅកន្លែង​​ដើមវិញផងដែរ។

ទាំងនេះហើយធ្វើឲ្យមហាជនងឿង​ឆ្ងល់ថាតើពិតឬទេដើមស្វាយតានីមាន​បារមីដូចអ្នកស្រុកជឿមែននោះ? ដើម្បីកុំឲ្យសាធារណជនមានមន្ទិលសង្ស័យ លោក​យាយ ឡឹក បាន អាយុ៧១ឆ្នាំ ដែលមាន​​ ផ្ទះនៅជាប់នឹងដើមស្វាយតានីស្ថិតក្នុងភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យ ដឹងថា រឿងដើមស្វាយតានីត្រូវគេគាស់លក់នោះ មិនមែនជាការណ៍ពិតទេ ព្រោះដើមស្វាយតានី បានងាប់និងត្រូវអ្នកស្រុកប្រមូលដុតអស់ តាំងពីជាង១០ឆ្នាំមុន មេ្ល៉ះ តើបានដើមស្វាយតានីឯណា យកមក លក់បានទៀត?

លោកយាយ ឡឹក បាន ក៏បានបញ្ជាក់ ទៀតថា ចំពោះការលើកឡើងថា មានមន្រ្តី ធំម្នាក់ បានទិញដើមស្វាយយកមកដាំវិញ នៅកន្លែងដើមស្វាយតានីនេះ គឺជាការណ៍ពិត មែន គឺឯកឧត្តម ជា ផើយ ជាអ្នកយកមកដាំកាលពីថ្ងៃទី២៥មេសាឆ្នាំ២០១៩ ថ្មីៗ នេះ ដោយបានទិញដើមស្វាយ១ដើម អាយុ ប្រមាណជិត១០០ឆ្នាំ ក្នុងតម្លៃប្រមាណជា​៤០០០ដុល្លារ ពីកន្លែងផ្សេង យកមកដាំ​នៅកន្លែងដើមស្វាយតានីនេះ ក្នុងបំណង​ឲ្យដើមស្វាយនោះ នៅជាតំណាងឲ្យដើម​ស្វាយតានី ជាដើមស្វាយប្រវត្តិសាស្ត្រនៅក្នុងស្រុកភូមិ។

ចំណែកចាស់ព្រឺទ្ធាចារ្យនៅក្នុងភូមិ បានឲ្យដឹងដែរថា ដើមស្វាយ​តានីនេះ កាលនៅរស់ អ្នកស្រុកតែងតែនាំគ្នាមកបន់ស្រន់គ្រប់ៗគ្នា ហើយការបន់ ស្រន់នោះ ភាគច្រើនគឺបានសម្រេចដូច បំណង ទើប​អ្នកស្រុកជឿថាមានបារមីកាន់ និងគោរព​កោតខ្លាចគ្រប់ៗគ្នា។

ចំណែកប្រវត្តិនៃដើមស្វាយនេះវិញ ត្រូវបានចាស់ៗតំណាលតៗគ្នាមកថា វាជាដើមស្វាយព្រៃ ដែលបានដុះនៅលើ ទួលក្នុងដីលោកតាម្នាក់ឈ្មោះ តានី ហើយ គិតមកដល់ថ្ងៃដែលវាងាប់ គឺនៅអំឡុង ឆ្នាំ២០០១ គេសន្មតថាវាមានអាយុប្រមាណជាង៣០០ឆ្នាំ។

ដោយឡែកមូលហេតុដែលបណ្តាលឲ្យដើមស្វាយតានីនេះងាប់ ត្រូវបានអ្នកស្រុកអះអាងដូចៗគ្នាថា ដោយសារតែតាៗគណៈ​កម្មការវត្ត រៀបឥដ្ឋចាក់សាបធ្វើខឿនព័ទ្ធជុំវិញដើមស្វាយនេះ ក្នុងបំណងកែលម្អ និង អភិរក្សដើមស្វាយនេះ តែបែរជាធ្វើឲ្យ​វាងាប់ទៅវិញ ដោយសារតែ មិនអាចស្រូប យកទឹក និងជីជាតិមកចិញ្ចឹមខ្លួនវាបាន។

ទោះជាយ៉ាងណាក៏ដោយ គេសង្ឃឹម ថា ដើមស្វាយដាំថ្មីនេះ នឹងធ្វើអឲ្យគេចង ចាំដើមស្វាយតានី ជាដើមស្វាយប្រវត្តិ សាស្ត្រមួយនេះ រហូតតទៅ បើទោះជាដើម ស្វាយតានី លែងមានទៅហើយក្តី៕ ហេង សូរិយា


ចែករំលែក៖