ព័ត៌មានទាន់ហេតុការណ៍៖

ដឹកប្រពន្ធឡើងទៅទិញបន្លែ ត្រូវជនសង្ស័យប្លន់យកលុយ និងគ្រឿងអលង្ការអស់

ចែករំលែក៖

ភ្នំពេញ ៖ ពីរនាក់ប្តី-ប្រពន្ធ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ មកស្ទាក់គំរាមប្លន់យកលុយចំនួនជាង១ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀតខណះ

ជិះម៉ូតូឌុបគ្នាទៅផ្សាររកទិញបន្លែម្ហូបយកទៅលក់ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ពេជ្រ សុវណ្ណ អាយុ៤៨ ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធឈ្មោះ ញឹម សំអាត ភេទស្រី អាយុ៤៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មាន ស្រុកកំណើត ភូមិ កោះកុក ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ សម្ភារ លុយកាក់បាត់បង់ ប្រាក់ដុល្លារជាង៨០០ដុល្លារ ប្រាក់រៀល ជាង៧០មុឺនរៀល គ្រឿងអលង្ការ ខ្សែក ខ្សែដៃ របស់កូនផ្ញើទុក សរុបអស់ជាង១០០០ដុល្លារ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់ព្រឹក គាត់ប្តីប្រពន្ធ ងើបទៅផ្សារ រកទិញបន្លែ ម្ហូប នៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់បន្តនៅផ្ទះជួល ហើយនៅព្រឹកកើតហេតុ នៅវេលាម៉ោង៥ព្រឹក គាត់២នាក់ប្តីប្រពន្ធជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0240 ជិះទៅរកទិញបន្លែដូចសព្វដង ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុច ភូមិអង្គកែវ ជិតដល់ផ្សារជម្ពូវ័នទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ ៤នាក់ជិះម៉ូតូ២គ្រឿង តាមមកពីក្រោយ មួយគ្រឿងស្គាល់ម៉ាកនិច មួយគ្រឿងទៀតមិនស្គាល់ម៉ាក ជិះពាំងពីមុខ ទុកឲ្យម៉ូតូនិច អែបជាប់ពីខាងឆ្វេង ធ្វើឲ្យម៉ូតូឈប់ រួចជនសង្ស័យឆក់ដណ្តើមយកកាបូបពីចង្កេះ ហើយជនសង្ស័យម្នាក់ ដែលជិះ ម៉ូតូពាំងឃាត់ពីមុខ មកកាច់សោម៉ូតូពន្លត់ហើយ ក្រុមជនសង្ស័យ ឡើងជិះម៉ូតូ គេចខ្លួនទៅបាត់អស់ ទោះជាដេញតាម ក៏មិនទាន់ មានតែរត់ចូលប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវ និងកំណត់មុខសញ្ញាឆក់ លួចខាងលើ ៕ សុខាសែនជ័យ​


ចែករំលែក៖