ខេត្តស្វាយរៀង៖ បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នក ភូមិបន្ទាប់ពីគ្រូពេទ្យឯកជនម្នាក់ បានចាក់ថ្នាំមួយម្ជុល កាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ប៊ុន ម៉ាប់ អាយុ ៤៥ ឆ្នាំមុខរបរកសិករ មានទីលំនៅ ភូមិ ឃុំខាងលើ ។ ចំណែកជនសង្ស័យគ្រូពេទ្យឯកជន ដែលសមត្ថកិច្ចបានឃាត់ខ្លួនមានឈ្មោះព្រាប សេ ភេទប្រុស អាយុ៦៣ ឆ្នាំមានទីលំនៅ ភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៌ ។
បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ប្ដីគាត់មានអាការៈឈឺបំពង់កចំនួនពីរថ្ងៃមកហើយ ពុំបាត់ ទើបហៅគ្រូពេទ្យឯកជនឈ្មោះ ព្រាប សេ មកចាក់ថ្នាំឲ្យ បន្ទាប់ពីមកដល់ផ្ទះ គាត់បានប្រាប់ពីអាការៈជំងឺឈឺបំពង់កប្រមាណជា១០នាទីគ្រូពេទ្យបានបូមថ្នាំមួយស៊ីរ៉ាំង ហើយ ក៏ចាក់ថ្នាំមិនទាន់ទាំងអស់ពីស៊ីរ៉ាំងផង ស្រាប់តែប្ដីគាត់មានអាការៈរមាស់ក្រហលក្រហាយ រួចបានប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង ។
ចំពោះករណីគ្រូពេទ្យចាក់ថ្នាំស្លាប់មនុស្សនេះ បើតាមប្រជាពលរដ្ឋនៅ ឃុំសំឡីបានឲ្យដឹងថា គ្រូពេទ្យឈ្មោះព្រាប សេ គាត់ចេះជំនាញពេទ្យនេះពុំមានសាលាច្បាស់លាស់នោះទេ ដោយចេះចាក់ថ្នាំតាំងពីសម័យប៉ុលពត មកម្ល៉េះ ហើយបន្តអាជីពនេះរហូតដល់បច្ចុប្បន្ន រយះកាលកន្លងមក ធ្លាប់ត្រូវបានមន្ទីរជំនាញហៅមកអប់រំផងដែរ តែគាត់នៅតែដើរព្យាបាលគេដដែល ទើបភ្លាត់ស្នៀតចាក់ថ្នាំបណ្តាលឲ្យស្លាប់មនុស្សតែម្តង ។
ប្រភពបន្តទៀតថា គាត់ព្យាបាលមិនថា មនុស្សសត្វនោះទេ គឺចាក់ទាំងអស់ទាំងសត្វក្របីគោ និងមនុស្សឲ្យតែត្រូវគាត់ជួយព្យាបាល ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយសារ ប្រតិកម្មថ្នាំទើបបណ្ដាលឲ្យមានរឿងនេះកើតឡើងបែបនេះ ។
បច្ចប្បន្នជនសង្ស័យជាគ្រូពេទ្យឯកជនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរចាត់ការទៅតាមនីតិវិធី ៕ យឹម សុថាន