ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត (ប្រើល្បិចយកលុយរបស់ក្រុមហ៊ុន ) កាលវេលាម៉ោង១៦ និង៣០នាទីពីថ្ងៃទី៦ ឧសភា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៣០ ផ្លូវ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន ឈ្មោះ ដិត ទីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន IBC ស្នាក់នៅផ្ទះលេខ៥០ ផ្លូវ២០១១ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន ) ។ ចំណែកជនរងគ្រោះ ០១នាក់ ឈ្មោះ លី ដូនី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន IBC ស្នាក់នៅផ្ទះលេខ៤AE0 ផ្លូវ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សម្ភារបាត់បង់ ៖ លុយដុល្លារចំនួន១៦.៨៤០ដុល្លារ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ជា សុភា បានឲ្យជនសង្ស័យ មើលការខុសត្រូវប្រមូលលុយយកទៅទូទាត់ឲ្យក្រុមហ៊ុន ដោយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ជា សុភា បានចេញទៅប្រទេសថៃ និងបានឲ្យជនសង្ស័យមើលការខុសត្រូវ ប្រមូលលុយជំនួសខ្លួន ។ លុះដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២ និង០០នាទី ឈ្មោះ ជា សុភា បានចូលមកធ្វើការនៅក្រុមហ៊ុនចំណុចកើតហេតុវិញ រួចបានហៅជនសង្ស័យសួរនាំ ពីរឿងប្តមូលលុយដើម្បីយកលុយទៅទូទាត់ឲ្យក្រុមហ៊ុនបន្ត ហើយជនសង្ស័យបាននិយាយប្រាប់ទៅឈ្មោះ ជា សុភា ថាលុយដែលខ្លួនប្រមូលបាន ចំនួន១៦.៨៤០ដុល្លា ត្រូវចោរធ្វើសកម្មភាពប្លន់យកពីខ្លួននៅពេលព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង៣២នាទី នៅចំណុចកើតហេតុខាងលើ ហើយឈ្មោះ ជា សុភា បានបើកកាម៉េរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យមានសកម្មភាពមិនប្រក្រតី ទើបនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី ឈ្មោះ ជា សុភា និងជនរងគ្រោះបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ក្រាំងធ្នង់សាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា