ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់បើករថយន្តព្រូស បុកសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅបុកស្លាកប៉ានណូក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តព្រូសបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយផ្លោងទៅបុកស្លាកប៉ានណូក្រឡាប់ផ្ងារជើងទ្រមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចក្បែរធនាគាររតនៈ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាក Toyotaព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-4159 បើកបរដោយស្រីស្អាតម្នាក់ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុកកើតហេតុខាងលើរថយន្ត ក៏រេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយផ្លោងទៅបុកប៉ានណូបណ្ដាលឲ្យបាក់អស់មួយដើម ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ភ្លាមៗគេឃើញម្ចាស់រថយន្តបង្កលូនចេញតាមទ្វារឡានធ្វើមិនដឹង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖