អាមេរិកបានបង្កើនការដាក់គំនាបទៅលើប្រទេសអ៊ីរ៉ង់់ និងកូរ៉េខាងជើង ឲ្យបោះបង់កម្មវិធីបរមាណូ និងមីស៊ីល ។ ផ្ទុយទៅវិញ ប្រទេសទាំងពីមិនត្រឹមតែមិនខ្វល់ពីទណ្ឌកម្មរបស់អាមេរិក នោះឡើយថែមទាំងបង្កើនសកម្មភាព បរមាណូ និងមីស៊ីលជាថ្មីឡើងវិញ ។
នៅពេលនេះ អ៊ីរ៉ង់់បានចាប់ផ្តើមដំណើរការ ឡើងវិញមួយផ្នែកនៃកម្មវិធីបរមាណូ ដើម្បីតបតអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ២០១៥ ។ ចំណែកអ៊ីរ៉ង់់វិញនៅតែរក្សាកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសផ្សេងទៀតដដែល ។
សារព័ត៌មាន IRIB របស់អ៊ីរ៉ង់ កាលពីថ្ងៃទី៦ខែឧសភា បានដកស្រងសម្តីគណៈកម្មការ ត្រួតពិនិត្យ កម្មវិធីបរមាណូបានឲ្យដឹងថា នៅថ្ងៃទី៨ខែឧសភា ប្រធានាធិបតី Hassan Rouhani និងចេញសេចក្តីប្រកាស លុបចោលការសន្យាមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងបរមាណូ ដែលមានប្រទេស ចុះហត្ថលេខាដូចជា អាមេរិក អង់គ្លេស រុស្ស៊ី បារាំង ចិន និងអាល្លឺម៉ង់ ។
នៅពេលខាងមុខ អ៊ីរ៉ង់នឹងដំណើរការឡើងវិញកម្មវិធីបរមាណូមួយចំនួន ជាការឆ្លើយតបទៅអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ហើយបន្តដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ អាមេរិកបានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ដែលមាន យន្តហោះចម្បាំងជាច្រើន ទៅកាន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី៦ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា អាមេរិកបានមើលឃើញអ៊ីរ៉ង់់មានសកម្មភាពមីស៊ីលជាថ្មីបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង ។ សកម្មភាពបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា គឺដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់់ ។
ដោយឡែក ប្រទេសកូរ៉េខាងជើងវិញ បាន បាញ់មីស៊ីលរយៈចម្ងាយខ្លី ខណៈលោក ត្រាំ ធានាថាកិច្ចព្រមព្រៀងនឹងកើតមានឡើង ។ យោងតាមរបាយការណ៍ ពីកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ។ ក្រុមសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់ កោះហូដូ នៅភាគខាងកើតប្រទេស ។
នេះគឺជាការបាញ់មីស៊ីលលើកដំបូង ចាប់តាំងពីក្រុង Pyongyang បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបបាលីស្ទិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ។ កាលពីខែមុនក្រុងPyongyang បាននិយាយថា ខ្លួនបានសាកល្បងនូវអ្វីដែលខ្លួនបានហៅថា ជាអាវុធយុទ្ធវិធីថ្មីមួយ ។ នោះគឺជាការបាញ់សាកល្បងលើកដំបូង ចាប់តាំងពីជំនួបកំពូលនៅប្រទេសវៀតណាមរវាងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បរាជ័យ ដែលបញ្ចប់ទៅដោយពុំទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ ។
កាលពីពេលថ្មីៗ ប្រធានាធិបតីអាមេរិក បានសរសេរនៅលើបណ្ដាញទ្វីតធ័រថា លោកជឿជាក់ថា មេដឹកនាំកូរ៉េខាងជើងនឹងមិនធ្វើអ្វី ដែលអាចធ្វើឲ្យប៉ះពាល់ដល់មាគ៌ារបស់ប្រទេសរបស់ខ្លួន ឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរ និងប្រក្រតីភាពនៃសេដ្ឋកិច្ចនោះទេ ។ លោក ត្រាំ បានធានាអះអាងថា កិច្ចព្រមព្រៀងនឹងកើតមានឡើង បើទោះជាកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលក៏ដោយ ៕