ភ្នំពេញ៖ កម្លាំងអធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ បានបង្ក្រាបជនសង្ស័យម្នាក់ដែលបន្លំលួចទូរស័ព្ទដៃមួយគ្រឿងនៅវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃពុធ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១បានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ ជឺមី ដែលមានទីតាំងផ្ទះលេខ៥៩Eo ផ្លូវលេខ១៥៨ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួចទូរស័ព្ទមួយគ្រឿង ដែលជនសង្ស័យឈ្មោះ សោម ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលស្ថិតតាមបណ្តោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ប៉ាល់ វីរះ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
មន្ត្រីខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា វេលាម៉ោង១១និង៣០នាទីព្រឹក ម្ចាស់ផ្ទះកំពុងតែអង្គុយលក់ដូរនៅក្នុងហាងខាងលើ ពេលនោះជនសង្ស័យឈ្មោះ សោម ពិទូ បានមកសួររកទិញទូរស័ព្ទដៃម៉ាកអាយហ្វូន សេវេនផ្លើស ហើយប្រើល្បិចសុំទូរស័ព្ទដៃពីជនរងគ្រោះមើល ក្នុងគោលបំណងចង់ទិញ និងតថ្លៃ ។ ពេលនោះជនរងគ្រោះភ្លេចខ្លួន ស្រាប់តែជនសង្ស័យបានលួចទូរស័ព្ទដៃ ហើយគេចខ្លួនបាត់ ។
បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ហើយបន្ទាប់ពីទទួលពាក់បណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទី១ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារផ្លាហ្សា ស្ថិតតាមបណ្តោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ យកមកសាកសួរតែម្តង ។
សម្ភារបាត់បង់រួមមានទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន សេវេនផ្លើស ពណ៌ផ្កាឈូក ។ ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ។
មជ្ឈដ្ឋាននានារំពឹងថា ករណីនេះ ជនសង្ស័យមិនអាចនឹងត្រូវបានដោះលែងនោះឡើយ ពោលគឺនឹងត្រូវចាត់ការតាមច្បាប់ ៕ ហេង សូរិយា