ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្ម​រាជធានីភ្នំពេញ មិនដែលស្គាល់​ស្រែ

ចែករំលែក៖

ក្រុមមន្ត្រី​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និយាយចំអកថា តើឲ្យលោកប្រធានមន្ទីរចុះស្រែយ៉ាងម៉េច បើនៅ​រាជធានី​ភ្នំពេញ គ្មានកន្លែងធ្វើស្រែផងនោះ ។ ដូច្នេះវា​មិនមែនជាកំហុសទេ ដែលលោកប្រធានមន្ទីរ​នៅតែក្នុងប៉ុយរ៉ូ ដាក់ម៉ាស៊ីនត្រជាក់​ដល់ទៅពីរគ្រឿង ដោយមិនដែលចេញក្រៅមើលទេសភាពវាលស្រែម្តងណាឡើយ ។ បើទោះបីជាលោកនៅតែក្នុងការិយាល័យយ៉ាងណាក៏ដោយ ក៏​ចំណូល​របស់លោក​គឺ​មិនថមថយនោះដែរ ផ្ទុយទៅវិញ លោកក្តាប់ប្រភពចំណូល​បាន​យ៉ាងខ្ជាប់ខ្ជួន និងគ្រប់ច្រកល្ហក ។

បើតាមសេចក្តីរាយការណ៍​បានឲ្យដឹងថា លោក ចាន់ រឹទ្ធី ប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ ដែល​ពីមុនជាមេព្រៃ​ដ៏ជំនាញ​ម្នាក់​នោះ បានមកកាន់តំណែង​ជាប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញអំឡុងឆ្នាំ២០១៨ ។ ប្រភពចំណូលសំខាន់ៗ ដែលកំពុងតែ​ធ្វើឲ្យ​លោកចាន់ រឹទ្ធី សម្ងំស្ងៀម​នោះមានទាំងការនាំចូលត្រីសាច់ពីប្រទេសវៀតណាម, ការនាំជ្រូក, ការដឹកជញ្ជូនឈើឆ្លងកាត់… សុទ្ធតែជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោកប្រធានមន្ទីរ ។ លោកមិនដែលខ្វល់អំពល់នឹងបញ្ហាការងារលើវិស័យកសិកម្មនោះទេ គឺ​ចាំតែទទួល​ទូរស័ព្ទ ពាក់ព័ន្ធនឹងសេវា ដែល​ជាប្រភពចំណូលប៉ុណ្ណោះ ។ ប្រភពរាយការណ៍ថា ចំណូលគ្រប់ច្រក​ទាំងវិស័យព្រៃឈើ, វិស័យ​បសុសត្វ… ក៏ដូចជាវិស័យជលផល ។ អ្វីដែលធ្វើឲ្យក្រុមមន្ត្រី​នៅក្រោមឱវាទ​ឈឺចាប់នោះ ក្រៅតែពីមិនដែលចេញពីប៉ុយរ៉ូ លោកប្រធានមន្ទីរស៊ីដាច់ញឹកណាស់ ។

បើប្រៀបធៀបទៅនឹងការដឹកនាំរបស់លោករដ្ឋមន្ត្រី គឺខុសគ្នាខ្លាំងណាស់ ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម គ្មានពេលទំនេរ​នោះទេ ក្នុងការចុះស្វែងយល់​តាមមូលដ្ឋាននានា​ពាក់ព័ន្ធវិស័យកសិកម្ម ។ ផ្ទុយទៅវិញ ប្រធានមន្ទីរ​កសិកម្ម​រាជធានីភ្នំពេញ មិនដែលចេញ​ក្រៅ​ការិយាល័យម្តងណាឡើយ ។ លោកមិនដែលខ្វល់​ចំពោះការរិះគន់ពីសំណាក់​មន្ត្រីនៅក្រោមឱវាទនោះទេ គឺចាំតែទទួល​ទូរស័ព្ទពាក់ព័ន្ធនឹង​ចំណូលតែប៉ុណ្ណោះ ។ ក្រុមមន្ត្រីនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ និយាយថា បើតែយ៉ាងនេះ មុខជាមានបញ្ហា​កើតឡើង​នៅថ្ងៃណាមួយ រវាង​ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ ។ មន្ត្រីនៅទីនោះចាស់វស្សា​អះអាងថា មេមុនៗ មានវប្បធម៌ចែករំលែកបន្តិចបន្តួចដើម្បីឲ្យ​កូន​ចៅ​បានរស់ខ្លះ ។ ប៉ុន្តែមេសព្វថ្ងៃនេះ ដឹកនាំមិនទាន់បាន​មួយឆ្នាំផង គឺលេបតែម្នាក់ឯង ។ គេរំពឹងថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម មើលប្រធានមន្ទីរ​រាជធានីភ្នំពេញផង ៕


ចែករំលែក៖