ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ ខណៈដែលមានជំងឺក្អកអស់១សប្តាហ៍ ទៅពេទ្យ ប ស ស ពិនិត្យដាក់សេរ៉ូម វិលមកផ្ទះជួលវិញ ដេកគាំងបេះដូងស្លាប់បាត់ ទើបផ្អើលឆោឡោកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងបន្ទប់ជួលលេខG01 ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
សាកសពមានឈ្មោះ ជួន ថា ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានប្តីឈ្មោះ អៀង ច្រឹង អាយុ៤៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុសម្នាក់ អាយុ៦ ឆ្នាំ រស់នៅក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មាន ស្រុកកំណើត ភូមិព្រៃកំបោរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមស្ត្រីជាម្តាយឈ្មោះ ប៉ាត សើ អាយុ៦៤ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិព្រៃកំបោរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា កូនស្រីរបស់គាត់ ឈឺ១សប្តាហ៍ហើយ ដោយប្រាប់គាត់ថា មានជំងឺក្អក សួត ដោយក្តីខ្វល់ខ្វាយ ក្រោយពីទទួលដំណឹងថា កូនមានជំងឺ នៅព្រឹក ថ្ងៃទី០៧ ខែឧសភា ខំធ្វើដំណើរតាំងពីស្រុក ដើម្បីមើលកូនស្រីឈឺ ខណៈដែលកូនវិលមកពី ពេទ្យ ប ស ស ដាក់សេរ៉ូម ជាប់ នឹងដៃ មិនហ៊ានរំខាន លុះដល់វេលាម៉ោងខាងលើ ចូលទៅមើលកូនក្នុងបន្ទប់ ស្រាប់តែលែងដឹងខ្លួន ទើបឆោឡោ ហៅអ្នកជិតខាងឲ្យជួយ តែហួសពេលទៅហើយ កូនស្រីស្លាប់បាត់ រាយការណ៍ប្រាប់ប៉ូលិស ទៅជួយពិនិត្យ ។
តាមបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធរបស់គាត់ ឈឺក្អក មួយសប្តាហ៍មកហើយ ទៅពិនិត្យនៅពេទ្យ ប ស ស ក្នុង ភូមិខាងលើ ប្រាប់ថាក្អក សួត ហើយគ្រូពេទ្យ បានដាក់សេរ៉ូម ស្រាប់តែដល់វេលាម៉ោងខាងលើ ប្រពន្ធស្លាប់ ទៅវិញ ។
សាកសព តាមការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ ក្រុងភ្នំពេញ គ្រពេទ្យ ឃើញថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯ ស្រុកកំណើត ៕ សុខាសែនជ័យ