ព័ត៌មានទាន់ហេតុការណ៍៖

លោក រស់ ផារិទ្ធ ៖ ជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះ និងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិ​ផ្សេងៗ ដែលកើតឡើងជាយថាហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹកស្រុករំដួល បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះ និងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិ​ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។

ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីចុះជួបសួរសុខទុក្ខផ្ទាល់ និងចែកអំណោយរបស់គណៈកម្មការគ្រោះមហន្តរាយខេត្ត និងក្រុមការងារ បក្សឃុំដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសេកយំ និងភូមិបុស្សតូច ក្នុង ឃុំពងទឹក ស្រុករំដួល ។

លោក រស់ ផារិទ្ធ បានសំដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតមានជីវភាព និងផ្ទះសម្បែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ បណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាត់ផ្ទះសប្បែងគួរឲ្យសោកស្តាយ ដែលនេះ ជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។

លោកបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​ចេះ​សន្សំ សំចៃ​ និង មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​គ្រោះធម្មជាតិ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុ ហើយខ​ណៈ​ដែលមាន​ភ្លៀង ខ្យល់​កន្ត្រាក់​ត្រូវ​រក​កន្លែង​ដែលមាន​សុ​ត្ថិ​ភាព ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ដូចជា ផ្ទះសម្បែង​ជាដើម​ ។ ​

មួយវិញទៀត​រដូវវស្សា​ និង​ជិត​មកដល់​នាពេលខាងមុខ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម ​ឧបករណ៍​សម្រាប់ធ្វើ​ស្រែចម្កា​ឲ្យ បាន​គ្រប់គ្រាន់​ដើម្បី​លើកស្ទួយ​ជីវភាព​បាន​មួយកម្រិត​ ជាពិសេស​ត្រូវ​ដាំ​បន្លែ​រួមផ្សំ​បន្ថែមទៀត​ផងដែរ​ ។ ​

ក្នុងឱកាសនោះលោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមានខ្យល់បក់បោកខ្លាំង បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាពពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឲ្យលេងទឹក ប្រុងប្រយ័ត្នអគ្គិភ័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតតែអំណោយដែលបានផ្តល់ជូននាពេលនេះ មានតិចតួចក្ដីក៏វាអាចដោះស្រាយជីវភាពគ្រួសារបានមួយរយះពេលខ្លីផងដែរ ។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស និងថវិកា របស់ក្រុមការងារបក្ស ផ្ទះរលំខូចខាតទាំងស្រុងមួយគ្រួសារ៤០ម៉ឺនរៀល និង៤គ្រួសារ២០ម៉ឺនរៀលផងដែរ ៕ យឹម សុថាន


ចែករំលែក៖