ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹកស្រុករំដួល បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ និងដាំដើមឈើជុំវិញផ្ទះ និងសូមឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។
ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីចុះជួបសួរសុខទុក្ខផ្ទាល់ និងចែកអំណោយរបស់គណៈកម្មការគ្រោះមហន្តរាយខេត្ត និងក្រុមការងារ បក្សឃុំដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសេកយំ និងភូមិបុស្សតូច ក្នុង ឃុំពងទឹក ស្រុករំដួល ។
លោក រស់ ផារិទ្ធ បានសំដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិតមានជីវភាព និងផ្ទះសម្បែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ បណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញខូចខាត បែកបាត់ផ្ទះសប្បែងគួរឲ្យសោកស្តាយ ដែលនេះ ជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះប្រើប្រាស់ទឹកដោយចេះសន្សំ សំចៃ និង មានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ហើយខណៈដែលមានភ្លៀង ខ្យល់កន្ត្រាក់ត្រូវរកកន្លែងដែលមានសុត្ថិភាព ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិដូចជា ផ្ទះសម្បែងជាដើម ។
មួយវិញទៀតរដូវវស្សា និងជិតមកដល់នាពេលខាងមុខសូមប្រជាពលរដ្ឋត្រូវត្រៀម ឧបករណ៍សម្រាប់ធ្វើស្រែចម្កាឲ្យ បានគ្រប់គ្រាន់ដើម្បីលើកស្ទួយជីវភាពបានមួយកម្រិត ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀតផងដែរ ។
ក្នុងឱកាសនោះលោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមានខ្យល់បក់បោកខ្លាំង បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាពពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឲ្យលេងទឹក ប្រុងប្រយ័ត្នអគ្គិភ័យ ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតតែអំណោយដែលបានផ្តល់ជូននាពេលនេះ មានតិចតួចក្ដីក៏វាអាចដោះស្រាយជីវភាពគ្រួសារបានមួយរយះពេលខ្លីផងដែរ ។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស និងថវិកា របស់ក្រុមការងារបក្ស ផ្ទះរលំខូចខាតទាំងស្រុងមួយគ្រួសារ៤០ម៉ឺនរៀល និង៤គ្រួសារ២០ម៉ឺនរៀលផងដែរ ៕ យឹម សុថាន