ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន៣ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោក (លក់ដីខ្យល់)ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួន នៅនឹងការិយាល័យរបស់ពួកគេ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនមកដាក់ពាក្យបណ្ដឹង។
ការនាំខ្លួនជនសង្ស័យទាំង៣នាក់ មកកាន់អធិការដ្ឋានក្រុងដើម្បីសាកសួរនេះ គឺបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបុរីកាណាឌីយ៉ា ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងនោះប្រធានក្រុមហ៊ុន ហង្សម្ចាស់ដី ឬ ឋានព្រះឥន្ទ មានឈ្មោះ ឈី ចរិយា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ភ្នាក់ងារចំនួន២នាក់ ដែលមាន ឈ្មោះ ឈិត រតនា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងឈ្មោះ ជី ចិន្តា ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ វិញ វ៉ាន់ ភេទប្រុស អាយុ៥៧ឆ្នាំ បានបញ្ជាក់ថា ខ្លួនបានពិនិត្យមើលប្លង់ដីចម្ការរបស់ក្រុមហ៊ុន ដែលជាប្រភេទដីចម្ការដូងក្រអូប ស្ថិតនៅភូមិដង្កោ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ទើបខ្លួនបានទិញទំហំ២ហិកតា ដែលមានតម្លៃ២៨.០០០ដុល្លារ ហើយខ្លួនក៏បានកក់ទៅឲ្យក្រុមហ៊ុន កាលពីពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ចំនួន២.៩០០ដុល្លារ។
ជនរងគ្រោះបានបន្តថា ក្រោយមកខ្លួនក៏បានចុះទៅមើលដីតាមប្លង់នោះ គឺដីសុទ្ធតែព្រៃ និងមានដើមដូងប្រហែល២០០ដើម។ លុះនៅក្នុងអំឡុងខែមេសា ក្រុមហ៊ុនក៏បានតម្រូវឲ្យខ្លួនទៅបង់លុយផ្តាច់ ចំនួន២៥.០០០ទៀត ប៉ុន្តែ ខ្លួនមិនទាន់បង់ឲ្យនោះទេ ព្រោះរង់ចាំទៅមើលដីនោះម្តងទៀតសិន។
ឯដើមបណ្តឹងទី២ មានឈ្មោះ ជួប សុផាត ភេទប្រុស អាយុ៣១ឆ្នាំ បានបញ្ជាក់ថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុនបានអញ្ជើញខ្លួនឲ្យទៅចូលរួមក្នុងពិធីជប់លៀងបើកការិយាល័យរបស់ក្រុមហ៊ុនបង់រំលស់ដីចម្ការ ដោយគោលការណ៍របស់ក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់មុនចាប់ពី ២០% ទៅ ៤០% ហើយដីចម្ការមានតម្លៃ ក្នុង១ហិកតា ចាប់ពី១៤.០០០ដុល្លារ ទៅ ២០.០០០ដុល្លារ។
នៅពេលនោះខ្លួន ក៏បានចាញ់ការ ឃោសនា ព្រមទិញ១ហិកតាដែរ ដោយ មិនទាន់បានឃើញដីចម្ការក្នុងខេត្តសៀមរាបនោះនៅឡើយ ហើយក៏បានកក់លុយទៅឲ្យក្រុមហ៊ុនចំនួន១.៨០០ដុល្លារ។
នៅចំពោះមុខ សមត្ថកិច្ចក្រុង ដោយ មានការចូលរួមសាកសួរពី លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងលោកឆាង វណ្ណឆៃ អធិការនគរបាលក្រុងផងនោះ ជនសង្ស័យទាំង៣នាក់ បានសារភាពថា ចំពោះម្ចាស់ក្រុមហ៊ុនឈ្មោះ ឈី ចរិយា គឺបានទទួលភារកិច្ចគ្រប់គ្រងក្រុមហ៊ុនបន្ត ពីឪពុកឈ្មោះ ឈី ហែម អាយុ៦៥ឆ្នាំ ដោយដំបូងឡើយក្រុមហ៊ុនបានបើកនៅឯសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រមទាំងមានសាខាតាមបណ្តាខេត្តមួយចំនួន គឺខេត្តកំពត ពោធិ៍សាត់ សៀមរាប មណ្ឌលគិរី និងខេត្តបាត់ដំបង។
ដោយឡែកចំពោះភ្នាក់ងារ ២នាក់ទៀត គឺមិនមានស៊ីប្រាក់ខែទេ ដោយក្រុមហ៊ុនតម្រូវឲ្យអូសទាញអតិថិជនដើម្បីទិញដីចម្ការ បើលក់បាន១ហិកតា ហើយអតិថិ ជនព្រមបង់មុនចំនួន៤០% នោះពួកគេនិងទទួលបានប្រាក់កម្រៃ ចំនួន១.២០០ដុល្លារ ដោយក្នុងនោះ ឈ្មោះ ឈិត រតនា អូសទាញអតិថិជនបានចំនួន២០នាក់ រីឯឈ្មោះ ជី ចិន្តា អូសទាញបាន៤នាក់។
ពាក់ព័ន្ធនឹងករណីឆបោក ដែលបានបំពាននឹងក្រមព្រហ្មទណ្ឌលេខ ៣៧៨ នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជន សង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់ សាលាដំបូងចាត់វិធានការតាមច្បាប់៕ នរិន្ទ្រ