ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច រត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់ជាជនជាតិបរទេស ដើរនៅសួរច្បារមាត់ទន្លេ ត្រូវជនសង្ស័យម្នាក់រត់មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយរត់គេចខ្លួន បាត់ស្រមោលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៤៤កែងផ្លូវព្រះសុីសុវត្ថិ នៅចំណុចផ្សារកណ្តាល ស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែលជា៩យប់មានស្ត្រីជនជាតិបរទេស២នាក់ ដើរចុចទូរស័ព្ទដៃមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់វ័យប្រហែលជា១៩ ឆ្នាំបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយភ្លាមៗនោះដែរ ជនរងគ្រោះបានរត់តាមក្រោយជនសង្ស័យហើយស្រែកឲ្យគេជួយ ប៉ុន្តែជនសង្ស័យបានរត់ចូលក្នុងហ្គេមបាញ់ត្រីមួយកន្លែងនៅលើផ្លូវ១៤៤រួចក៏ជនរងគ្រោះចូលទៅក្នុងហ្គេមបាញ់ត្រីនោះចាប់បានជនសង្ស័យហើយ ប៉ុន្តែជនសង្ស័យបានរត់ចេញពីក្នុងហ្គេមគេចខ្លួនបាត់ស្រមោលហើយម្ចាស់ហ្គេមនោះ ក៏បានចាក់សោរបិតទ្វាគេចខ្លួនបាត់ ទើបជនរងគ្រោះ តេមកប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១ ជួយអន្តរាគមន៍ ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះបាននិយាយប្រាប់ថា ទីតាំងហ្គេមបាញ់ត្រីនេះ គឺមិនមែនមានរឿងតែម្តងនោះទេ គឺមានករណីវាយជនជាតិបរទេសយកលុយ និងប្លន់នៅលើសួនច្បារមាត់ទន្លេយកកាបូប និងសម្ភារផ្សេងៗរួចយកទៅលេងហ្គេមបាញ់ត្រីទីតាំងខាងលើនេះ ប្រជាពលរដ្ឋបានស្នើសុំឲ្យសមត្ថកិច្ច មេត្តាជួយពិនិត្យមើល និងបិទទីតាំងហ្គេមខុសច្បាប់យ៉ាងអនាធិបត្យនេះ រួចសមត្ថកិច្ចបានឃាត់ខ្លួនបាន៤នាក់ យកទៅសាលាខ័ណ្ឌដូនពេញដើម្បីយកទៅអប់រំប្រគល់ទៅឲ្យខាងមន្ទីរសង្គមកិច្ច ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាល១ ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖