ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ ពន្លឿនការជួសជុលកែលម្អសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ខណៈគម្រោងនេះសម្រេចបាន៥០%ហើយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំរបាំងការពារ និងគម្រោងកែលម្អសួនច្បារ​មាត់ទន្លេ ចាប់ពីចំណុច គល់ស្ពានគីហ្សូណា ដល់ចំណុច អតីតកំពុងស្រឡាងចាស់ ស្ថិតនៅ​សង្កាត់វាលវង់ ក្រុងកំពង់ចាម ខណៈគម្រោងនេះបានសម្រេច៥០ភាគរយហើយ ។ទាំងនេះ​គឺដើម្បីរួមចំណែកចលនាប្រលងប្រណាំងទីក្រុងស្អាត ក៏ដូចជា ការរក្សានូវគុណតម្លៃនៃរំដួល​៣ទង ដែលក្រុងកំពង់ចាម បានទទួលជ័យលាភី នាពេលកន្លងមក ក៏ដូចជា ថែរក្សាដល់ការ​បាក់​ស្រុតដីច្រាំងទន្លេ ។

ដើម្បីធ្វើការងារនេះបានជោគជ័យ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ លោក​ ញែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា រួមដំណើរ​ជា​មួយ​នឹងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់គម្រោងខាងលើ ដែលគេដឹងថាមកដល់បច្ចុប្បន្ន សម្រេចការងារបានប្រមាណជា ៥០%ហើយនោះ ។

មន្រ្តីជំនាញបាននិយាយថា គម្រោងកែលម្អសួនច្បារនេះ បានកសាងឡើង ដើម្បីថែរក្សា​សោភ័ណភាពទីក្រុង បន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បាន​ផ្ដល់ថវិកា ដើម្បីជួសជុលច្រាំងមាត់ទន្លេបន្ថែម ទុកជារបាំងការពារដីច្រាំង ក៏ដូចជាការ​បញ្ជៀស នូវការបាក់ស្រុតច្រាំងទន្លេផងដែរ។ មួយផ្នែកទៀត ការកសាងសួនច្បារនេះសម្រាប់​​ទុកជាកន្លែងសាធារណៈ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង ដើរកម្សាន្ត និងហាត់ប្រាណស្រូប​យកខ្យល់អាកាស បរិសុទ្ធពីធម្មជាតិ នៃផ្ទៃទន្លេមេគង្គ ដែលអាចបំបាត់នូវជំងឺស្រ្តេស​បានមួយ​ផ្នែកផង ព្រមទាំង ផ្ដល់នូវការទាក់ទាញ ដល់ភ្ញៀវទេសចរ មកទស្សនាកម្សាន្ត នៅក្រុងកំពង់​ចាមផងដែរ។

មន្ត្រីដដែលបន្តថាសួនច្បារមាត់ទន្លេដែលត្រូវជួសជុលនេះ មានបណ្ដោយប្រវែង ២៣២ម៉ែត្រ គុណនឹងទទឹង ២៣ ទៅ ៥៥ម៉ែត្រ។ គម្រោងនេះ បានដំណើរការសាងសង់ នាចុងឆ្នាំ២០១៨ មក។ ផ្អែកទៅតាមគំនូសប្លង់បច្ចេកទេស គម្រោង ក៏មានរៀបចំជាសួន ដោយរចនា ជាទី​កន្លែង សម្រាប់ដាំដើមឈើ និងដើមផ្កាលម្អ ព្រមទាំង ក្រាលការ៉ូឡា បំពេញនូវសេចក្ដីត្រូវការ របស់អ្នកទទួលផលប្រយោជន៍។ មកដល់បច្ចុប្បន្ន គម្រោងកំពុងដំណើរការនៅឡើយ ដែលក្រុម​ជាងកំពុងមមាញឹក ក្នុងកិច្ចការរបស់ខ្លួន និងសម្រេចការងារ បានប្រមាណជា ៥០%ហើយ។

លោក​ គួច ចំរើន អភិបាលខេត្តកំពង់ចាម បានណែនាំ និងជំរុញដល់ក្រុមការងារការសាង​សង់សួនច្បារតាមដងទន្លេមេគង្គធ្វើយ៉ាងណា ត្រូវពន្លឿនក្នុងការសាងសង់ ដោយយក​ចិត្ត​ទុកដាក់បំផុតពីក្រុមជាង និងមន្ត្រីជំនាញប្រកបដោយគុណភាព សោភ័ណភាព ដើម្បីប្រែ​ក្លាយ​តំបន់តាមផ្លូវមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ឲ្យមានទេសភាព មានភាពស្រស់ស្អាត ប្រយោជន៍ទាក់ទាញភ្ញៀវមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើនឡើងផងដែរ។

ជាមួយគ្នានោះ លោក​អភិបាល ក៏បានលើកសំណើសុំទៅដល់លោក​ ញែម វ៉ាលី ដើម្បីជួយ​កសាងបន្ថែម ទៅលើផ្នែកដែលនៅសេសសល់ នៃសួនច្បារច្រាំងទន្លេ ឲ្យរួចរាល់ជាស្ថាពរ ឆាប់ៗនាពេលខាងមុខ ៕ ប្រាថ្នា


ចែករំលែក៖