ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេស២នាក់ ជំពាក់ប្រាក់ថ្លៃស្នាក់នៅខុនដូជាង១ពាន់ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអង់គ្លេស២នាក់ ជំពាក់ប្រាក់ថ្លៃស្នាក់នៅខុនដូយីហោESSENCE ចំនួន១,០៧០ដុល្លារ ត្រូវបានម្ចាស់ខុនដូប្តឹងសមត្ថកិច្ចមូលដ្ឋាននាំទៅសាកសួរ ទើបដឹងថាគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ក៏ទំនាក់ទំនងទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ ឃាត់ខ្លួនបន្តតាមនីតិវិធី ។

ករណីឃាត់ខ្លួនជនបទេស២នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខុនដូយីហោ ESSENCE ស្ថិតនៅផ្ទះលេខ២២២ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញបានទទួលជនជាតិអង់គ្លេស ចំនួន២នាក់ប្រុស ពីបទជំពាក់ប្រាក់ថ្លៃស្នាក់នៅខុនដូ ESSENCE ចំនួន១,០៧០ដុល្លារ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន៖ ទី១.ឈ្មោះ PARSONS GEOFFREY JUNIOR JAMES ភេទប្រុស អាយុ៣៣ឆ្នាំ។ និងទី២.ឈ្មោះ PARSONS MARLEE ROY RAYMOND ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង២ ស្នាក់នៅខុនដូ ESSENCE ស្ថិតនៅផ្ទះលេខ២២២ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ។

បន្ទាប់មកកម្លាំងការិយាល័យបានសាកសួរ ដឹងថាពួកគេទាំងពីរនាក់នេះចូលមក ប្រទេសកម្ពុជាចំនួន២លើក លើកចុងក្រោយនៅថ្ងៃទី១៣.១១.២០១៨ តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរណ៍ ។

បច្ចុប្បន្នជនជាតិអង់គ្លេសទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕ស រស្មី


ចែករំលែក៖