ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់ លង់ទឹកស្រះស្លាប់ ទាំងព្រឹក បន្ទាប់ពីជីដូនមានការធ្វេសប្រហែស

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់ បន្ទាប់ពីជីដូនមានការធ្វេសប្រហែសដាក់ឲ្យចៅដេកលើផ្ទះ ហើយដឹកក្របីទៅលែងនៅវាលស្រែ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតក្នុង ភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុសដែលលង់ស្លាប់មានឈ្មោះ អុល សម្បត្តិ អាយុ ២ខួប មានឪពុកឈ្មោះ ណុំ អុល អាយុ ២៩ ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ រ័ត្ន ធី អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិ ឃុំកើតហេតុខាងលើ ។ ទី២ក្មេងប្រុស មានឈ្មោះ សុខ រាជពិស័ត្ត អាយុ២ខួបមាន ឪពុកឈ្មោះ សុខវ៉ែន អាយុ៣៣ ឆ្នាំមុខរបរ កសិកមានម្តាយឈ្មោះ អ៊ូ ធីដា អាយុ៣០ ឆ្នាំ រស់នៅ ភូមិ ត្រពាំងស្បូវ ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

បើតាមជីដូនបានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុគាត់បានដាក់ឲ្យចៅដេកលើផ្ទះ ហើយប្រញាប់ប្រញាលដឹកក្របីទៅលែងនៅវាលស្រែ ដើម្បីមកមើលចៅវិញ ។

ប្រភពបន្តថា លុះដល់គាត់ត្រឡប់មកផ្ទះវិញឡើងទៅរកចៅមិនឃើញ ក៏មានការសង្ស័យ ក៏ដើរទៅរកមើលម្តុំស្រះស្រាប់តែឃើញចៅទាំង២នាក់អណ្តែតក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើលនិងស្រែកហៅអ្នក ភូមិជួយចុះស្រង់ លើកឡើងលើគោកធ្វើចលនាដៃជើង តាមលក្ខណៈជួយសង្គ្រោះបឋម ប៉ុន្តែអកុសលចៅទាំង២នាក់ បានបាត់បង់ជីវិតទៅហើយ ។

សពក្មេងប្រុសទាំង២ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖