ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាបមានតំបន់ទេសចរណ៍ថ្មីមួយទៀតដែលមិនអាចបំភ្លេចបាន

ចែករំលែក៖

ខេត្តសៀមរាប៖ មានកន្លែងទេសចរណ៍មួយទៀតហើយ ភ្ញៀវទេសចរណ៍បន្ទាប់ពីទស្សនាប្រាសាទនានារួចហើយ អាចទៅទស្សនា បឹងពារាំងដែលកំពុងល្បីល្បាញ និងកំពុងក្លាយជាតំបន់គោលដៅសម្រាប់ភ្ញៀវទេសចរ មួយទៀតនៅលើទឹកដីខេត្តសៀមរាប ដោយសព្វថ្ងៃមានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ។

បឹងពារាំង ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រស់បំព្រង និង ជាជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សី ជាង៣០០ប្រភេទ រស់នៅបង្កើតបាននូវភាពទាក់ទាញចងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យសប្បាយរីយរាយ និងទេសភាពទាំងនោះ ។

បឹងពារាំង ជាមួយនឹងចរន្តទឹកបឹងទន្លេសាប មានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាប រស់នៅរកចំណីអាហារបង្កើតបានជា ផ្ទាំងទស្សនីយភាពដ៏ប្រណីតទៀតផង ។

តំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងនៅខេត្តសៀមរាបមានការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងខ្លាំង ដែលមានមនុស្សម្នាទៅទស្សនា ជារៀងរាល់ថ្ងៃ !តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប ប្រមាណជាង ១០ គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រាវ ជាប់ព្រំប្រទល់សង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ក្នុងក្រុងសៀមរាបខេត្តសៀមរាប ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារាំងបានឲ្យដឹងថា ក្រៅពីសកម្មភាព ទប់ស្កាត់ ការពារបទល្មើសជលផល ការពារព្រៃលិចទឹក និង ការពារហ្វូងសត្វស្លាបទឹកក្នុងតំបន់បឹងពារាំងនេះ សហគមន៍មានគោលដៅប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែនៅតំបន់នោះមានសក្តានុពលធម្មជាតិអំណោយផលស្រាប់ ។

បឹងពារាំងជាបឹងធម្មជាតិមួយ ដែលសម្បូរធនធានធម្មជាតិ ដូចជាមច្ឆាជាតិ សត្វស្លាប និង ជីវៈចម្រុះ ដែលត្រូវបានថែរក្សាការពារយ៉ាងខ្លំាងពីសហគមន៍ ។

លោក វ៉ន សម្បូរ ដែលជាអ្នកថតរូបសត្វនៅតំបន់បឹងពារាំងនេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានសត្វស្លាបជាង៣០០ប្រភេទ ដូចជា៖ រនាល, រនាលពណ៌, ត្រដកតូច, ទុងប្រផេះ, ទាកាប៉ាព្រៃ, ទាកាបព្រៃ, ប្រវឹក, ត្រយ៉ងខ្លួន ស, ស្មោញ, អកត្រីក្បាលប្រផេះ, ប៉ាក់ខ្ទាវ, ក្អែកទឹកមធ្យម, ក្អែកទឹកតូច, កុកគ្រោងមធ្យម, កុកគ្រោងតូច, ក្រសាប្រផេះ, ក្រសាក្រហម, ខ្វែកប្រផេះ, ខ្វែកគុំនូរ, ខ្វែកត្រោក, ខ្វែកកន្ទុយខ្វែវ, ចង្កៀលខ្យង, ចចាតក្រឹម, រនាលកក, កដប ខ្មៅ ស, ពពុះទឹក, ត្រដៀវក្បាលបែតង, ប្រហុីតខ្មៅ, ប្រហុីត ស, ទោម, ប្រវឹក, ត្រសេះក្បាលក្រហម, ត្រសេះខ្លូនត្នោត ជាដើម ។ ល ។ ៕ ប៊ុនរិទ្ធី


ចែករំលែក៖