ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹង លួចចូលទៅក្នុងផ្ទះគេ ដែលមិនទាន់សាងសង់ហើយ ស្រាប់តែរអិលជើងធ្លាក់បាក់កស្លាប់ភ្លាមនៅក្នុងផ្ទះគេនោះ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះមួយកន្លែងកំពុងសាងសង់មិនទាន់ហើយ ស្ថិតនៅខាងវត្តតាំងកសាងខាងជើង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលស្លាប់ខាងលើឈ្មោះ អ៊ុំ វុទ្ធី អាយុ២៨ ឆ្នាំ មុខរបរបើករថយន្តដឹកគ្រឿងសំណង់តាមដេប៉ូ ស្នាក់នៅ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
តាមប្រភពពីបុរសម្នាក់ឈ្មោះយ៉ាន់ ផល្លា អាយុ៣៨ ឆ្នាំ មុខរបរជាងសំណង់ការដ្ឋានទល់មុខផ្ទះកើតហេតុខាងលើ ត្រូវជាមិត្តភក្ដិរបស់ជនរងគ្រោះដែលផឹកស៊ីជាមួយគ្នា បាននិយាយប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះធ្លាប់មកផឹកស៊ីជាមួយគាត់ជាញឹកញាប់ដោយបានផឹកស៊ីនៅការដ្ឋានសាងសង់ ទល់មុខផ្ទះកើតហេតុខាងលើ ហើយជនរងគ្រោះ និងគាត់បានផឹកស្រាបៀរអស់មួយយួរជាមួយគ្នា លុះផឹកស៊ីរួចហើយ នៅវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែឧសភា គាត់ឃើញជនរងគ្រោះចេញទៅបត់ជើងតូច បន្ទាប់មកគាត់ឃើញជនរងគ្រោះបានឡើងទៅលើផ្ទះកំពុងសាងសង់មួយល្វែងមានពីរជាន់ស្ថិត នៅទល់មុខគ្នាដែលពុំមានមនុស្សនៅ រួចចាក់សោចោល ហើយគាត់បានសួរនាំជនរងគ្រោះថា «ហ្អែងឡើងធ្វើអី? តិចគេឃើញ» ។
ភ្លាមៗនោះដែរ គាត់បានចូលទៅដេកក្នុងការដ្ឋានរបស់គាត់បាត់ទៅ លុះពេលគាត់ងើបដឹងខ្លួនជាច្រើនដង ឃើញម៉ូតូជនរងគ្រោះនៅក្នុងការដ្ឋានសាងសង់សំណង់របស់គាត់ តែមិនចាប់អារម្មណ៍ មើលជនរងគ្រោះឡើយ ។ បន្ទាប់មកគាត់ងើបលើកក្រោយទៀតក៏មិនបានឃើញជនរងគ្រោះដែរ គាត់ក៏បានចេញមកខាងក្រៅ ហើយស្រែករក តែមិនឃើញឡើយ ។ លុះដល់វេលាកើតហេតុខាងលើ ដោយគាត់នឹកឃើញថា ជនរងគ្រោះបានឡើងទៅផ្ទះកើតហេតុខាងលើ គាត់ក៏បានឡើងទៅលើផ្ទះកើតហេតុខាងលើនោះ ស្រាប់តែឃើញជនរងគ្រោះរអិលនៅនិងថាសជណ្ដើរបាក់កស្លាប់បាត់ទៅហើយ ។ បន្ទាប់មក គាត់ក៏ជិះម៉ូតូជនរងគ្រោះទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះកើតហេតុខាងលើបាននិយាយប្រាប់ថា ផ្ទះរបស់គាត់បានជួលជាងសាងសង់ជាច្រើន ខែមកហើយតែមិនទាន់រួចរាល់នៅឡើយទេ ដោយកម្មករមិនមកធ្វើ ហើយគាត់ក៏បានបណ្តេញជាងចេញកាលពីពេលល្ងាច ថ្ងៃទី១២ ឧសភាទើបចាក់សោផ្ទះចោល ព្រោះកន្លងមកផ្ទះរបស់គាត់តែងតែបាត់របស់របរជាច្រើនលើកមកហើយ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បានហៅជំនាញចក្ខុក្រុងដើម្បីធ្វើកោសល្យវិច័យសពជនរងគ្រោះខាងលើភ្លាមៗផងដែរ ហើយសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ៕ សុខាសែនជ័យ