ព័ត៌មានទាន់ហេតុការណ៍៖

លួចចូលផ្ទះគេមិនទាន់សាងសង់រួច រអិលជើងធ្លាក់បាក់កស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ផឹកស្រាស្រវឹង លួចចូលទៅក្នុងផ្ទះគេ ដែលមិនទាន់សាងសង់ហើយ ស្រាប់តែរអិលជើងធ្លាក់បាក់កស្លាប់ភ្លាមនៅក្នុងផ្ទះគេនោះ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា​ម៉ោង​២​ និង​១០​នាទី រំលងអធ្រាត្រ ឈាន​ចូល​ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​កំពុង​សាងសង់​មិន​ទាន់​ហើយ ​ស្ថិត​នៅ​ខាង​វត្ត​តាំង​កសាង​ខាងជើង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ស្លាប់​ខាងលើ​ឈ្មោះ អ៊ុំ វុ​ទ្ធី អាយុ​២៨​ ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​គ្រឿងសំណង់​តាម​ដេប៉ូ ស្នាក់​នៅ​ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ ភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​ ។

តាម​ប្រភព​ពី​បុរស​ម្នាក់​ឈ្មោះ​យ៉ា​ន់ ផល្លា អាយុ​៣៨​ ឆ្នាំ មុខរបរ​ជាងសំណង់​ការដ្ឋាន​ទល់មុខ​ផ្ទះ​កើតហេតុ​ខាងលើ ត្រូវជា​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ​ដែល​ផឹកស៊ី​ជាមួយ​គ្នា បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ធ្លាប់​មក​ផឹកស៊ី​ជាមួយ​គាត់​ជា​ញឹកញាប់ដោយ​បាន​ផឹកស៊ី​នៅ​ការដ្ឋាន​សាងសង់ ​ទល់មុខ​ផ្ទះ​កើតហេតុ​ខាងលើ ហើយ​ជន​រង​គ្រោះ​ និង​គាត់​បាន​ផឹកស្រា​បៀរ​អស់​មួយ​យួរ​ជាមួយ​គ្នា លុះ​ផឹកស៊ី​រួច​ហើយ នៅ​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១២ ខែឧសភា គាត់​ឃើញ​ជន​រង​គ្រោះ​ចេញ​ទៅ​បត់ជើងតូច បន្ទាប់​មក​គាត់​ឃើញ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​កំពុង​សាងសង់​មួយ​ល្វែង​មាន​ពីរ​ជាន់​ស្ថិត ​នៅ​ទល់មុខ​គ្នា​ដែល​ពុំ​មាន​មនុស្ស​នៅ រួច​ចាក់សោ​ចោល ហើយ​គាត់​បាន​សួរនាំ​ជន​រង​គ្រោះ​ថា «​ហ្អែង​ឡើង​ធ្វើ​អី? តិច​គេ​ឃើញ​» ។

ភ្លាម​ៗ​នោះ​ដែរ គាត់​បាន​ចូល​ទៅ​ដេក​ក្នុង​ការដ្ឋាន​របស់​គាត់​បាត់​ទៅ លុះ​ពេល​គាត់​ងើប​ដឹងខ្លួន​ជា​ច្រើន​ដង ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ក្នុង​ការដ្ឋាន​សាងសង់​សំណង់​របស់​គាត់ តែ​មិន​ចាប់អារម្មណ៍ មើល​ជន​រង​គ្រោះ​ឡើយ​ ។ បន្ទាប់​មក​គាត់​ងើប​លើក​ក្រោយ​ទៀត​ក៏​មិន​បានឃើញ​ជន​រង​គ្រោះ​ដែរ គាត់​ក៏​បាន​ចេញ​មក​ខាងក្រៅ ហើយ​ស្រែក​រក តែ​មិនឃើញ​ឡើយ ។ លុះដល់​វេលា​កើតហេតុ​ខាងលើ ដោយ​គាត់​នឹកឃើញ​ថា ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ផ្ទះ​កើតហេតុ​ខាងលើ គាត់​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​កើតហេតុ​ខាងលើ​នោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​​រអិល​នៅ​និង​ថាស​ជណ្ដើរ​បាក់​ក​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក គាត់​ក៏​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​បាន​និយាយ​ប្រាប់​ថា ផ្ទះ​របស់​គាត់​បាន​ជួល​ជាង​សាងសង់​ជា​ច្រើន​ ខែ​មក​ហើយ​តែ​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ដោយ​កម្មករ​មិន​មក​ធ្វើ ហើយ​គាត់​ក៏​បាន​បណ្តេញ​ជាង​ចេញ​កាលពី​ពេល​ល្ងាច​ ថ្ងៃ​ទី​១២ ឧសភា​ទើប​ចាក់សោ​ផ្ទះ​ចោល ព្រោះ​កន្លង​មក​ផ្ទះ​របស់​គាត់​តែងតែ​បាត់​របស់របរ​ជា​ច្រើន​លើក​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ បាន​ហៅ​ជំនាញ​ចក្ខុ​ក្រុង​ដើម្បី​ធ្វើ​កោសល្យវិច័យ​សព​ជន​រង​គ្រោះ​ខាងលើ​ភ្លាម​ៗ​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ ស្រុក​កំណើត ៕ សុខាសែនជ័យ​


ចែករំលែក៖