ខេត្តសៀមរាប៖ ខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃមិនហាន! មន្ត្រីដែលឃ្លាំមើលបទល្មើសព្រៃឈើបានលើកឡើងថា ឈ្មួញកំពុងតែសម្រុកកាប់ និងដឹកជញ្ជូនឈើបានកើតឡើងយ៉ាងរាលដាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ពៅ ជុំ ប្រធានគ្រប់គ្រងបរិស្ថានតំបន់បឹងពេរ ។
មន្ត្រីខាងលើបានបន្តទៀតថា ក្រុមឈ្មួញទាំងនោះបានដឹកជញ្ជូនឈើតាមរយៈឡានកូរ៉េគោយន្តកន្ត្រៃ និងរម៉កជាដើមហើយការជញ្ជូនពួកគេធ្វើតាមរបៀបកណ្ដៀរ ដើម្បីយកមកស្តុកទុក ក្នុងសិប្បកម្ម ដែលស្ថិតក្នុងភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រភពចេញពីប្រជាពលរដ្ឋ និងមន្ត្រីឃ្លាំមើលខាងលើបានបង្ហើបថា ក្រុមឈ្មួញទាំងនោះ បានដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការ បរិស្ថាន ដែលក្រោមការគ្រប់គ្រងរបស់លោក ពៅជុំ បានកើតមានយ៉ាងរលូនដូច្នេះហើយ ទើបមានការសង្ស័យថា លោក ពៅ ជុំ ប្រធានស្នាក់ការតំបន់បឹងពេក អាចបានផលប្រយោជន៍ពីពួកអ្នកកាប់ និងដឹកជញ្ជូនឈើ ទើបក្រុមឈ្មួញទាំងនោះ ដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃ មិនញញើតអ្វីឡើយ ។
ប្រជាពលរដ្ឋបានលួចប្រាប់ ដោយសុំមិនបញ្ចេញឈ្មោះថា លោក ពៅ ជុំ ប្រធានស្នាក់ការបរិស្ថានតំបន់បឹងពេរបានប្រគល់តួនាទីឲ្យ លោក គង់ សុធា ចាំប្រមូលយកប្រាក់ពីក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ ដូច្នេះហើយ ទើបក្រុមឈ្មួញទាំងនោះ បានដៃទើបមិនញញើតនឹងអ្វីទាំងអស់ទើបធ្វើ ឲ្យព្រៃឈើមួយភាគធំ ដែលស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តព្រះវិហារ រលាយហិនហោចជាបន្តបន្ទាប់ ខណៈ ដែលបរិស្ថាននៅតំបន់នោះ បើកដៃឲ្យកាប់ទន្ទ្រានតាមតែអំពើចិត្ត ។
ប្រភពចេញពីមន្ត្រីបរិស្ថានខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា លោក ពៅ ជុំ ប្រធានបរិស្ថានគ្រប់គ្រងនៅតំបន់បឹងពេរ បានវាតទីយ៉ាងវែងអន្លាយ ដើម្បីកើបលុយពីឈ្មួញកាប់ឈើបែបពុករលួយបំផុត ។ ក្នុងនោះដែរ ត្រូវបានគេដឹងថា លោក គង់ សុធា មន្ត្រីបរិស្ថានទួលខ្សាច់ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង គឺជាអ្នកប្រមូលប្រាក់ពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ដើម្បីយកទៅចែកចាយឲ្យលោក ពៅ ជុំ ប្រធាន បរិស្ថានគ្រប់គ្រងតំបន់បឹងពេរ ធ្វើមានធ្វើបានតែមួយក្រុមតូចប៉ុណ្ណោះ ។
ប្រភពបានបន្តថា លោក ពៅ ជុំ ហ៊ាន ធ្វើអ្វីគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ បានគឺដោយសារមានការបើកដៃពីលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ជាអ្នកចាំជ្រោមជ្រែងនៅពីក្រោយខ្នង ទើបធ្វើឲ្យការងារនេះ ដំណើរការបានយ៉ាងរលូន ។
ទាក់ទិននឹងការរិះគន់លើកឡើងខាងលើនេះ ភ្នាក់ងារយកព័ត៌មាន ពុំអាចទាក់ទងលោក ស៊ុន គង់ តាមទូរស័ព្ទបានទេ ដោយខលចូលច្រើនដង គ្មានអ្នកទទួល? ។
រីឯលោក ពៅ ជុំ ប្រធានគ្រប់គ្រងបរិស្ថានតំបន់បឹងពេរ ក៏មិនលើកទូរស័ព្ទដែរ? ។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង គាត់តែងតែបកស្រាយតាមទូរស័ព្ទថា នឹងឲ្យមន្ត្រីក្រោមឱវាទចុះមើលហើយលោកជាប់រវល់តែប្រជុំ ៕ ប៊ុនរិទ្ធី