ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ បានអំពាវនាវដល់សាសនិកខ្មែរឥស្លាមទាំងអស់ ត្រូវតែចូលរួមបរិច្ចាគទាន និងខំប្រឹងសាងកុសល្យផ្សេងៗឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអំពាវនាវ ដល់បងប្អូនសាសនិក ខ្មែរឥស្លាមទាំងអស់ ត្រូវតែចូលរួមឲ្យ បានល្អ ក្នុងការបរិច្ចាគទាន និងកសាងផលបុណ្យ កុល្យផ្សេងៗឲ្យបានកាន់តែច្រើន ក្នុងខែពិសិដ្ឋរបស់ឥស្លាម រ៉ាម៉ាឌន ព្រោះខែនេះការបរិច្ចាគទាន ពិតជាមានសារៈសំខាន់ណាស់ ដល់សហគមន៍ គ្រួសារអ្នកខ្វះខាត និងរាល់អំពើកុសល្យផលបុណ្យផ្សេងៗ នឹងទទួលបានផល បុណ្យច្រើនជាងខែនានា។ មានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃពុធ១២ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែល លោក បានជួបសំណេះសំណាល និងនាំយកអំណោយកញ្ចប់គ្រឿងឧបភោគ បរិភោគ ជូនដល់សាសនិកខ្មែរឥស្លាមចំនួន ៧៥០គ្រួសារ ក្នុងនោះ ២៥០គ្រួសារ ជូនបងប្អូននៅសង្កាត់ព្រែកប្រា និង៥០០គ្រួសារ ជូនបងប្អូននៅសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រោមការ ដឹកនាំរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រជាជាតិទាំងអស់​ កំពុងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ដោយឡែក​ បងប្អូនសាសនិកឥស្លាម​ មានសិទ្ធិសេរីភាព​ពេញលេញ ហើយមិនត្រឹមតែបាននិងកំពុងរស់នៅស្មើមុខស្មើមាត់ជាមួយសាសនិកដ៏ទៃទៀតទេ​ ថែមទាំងទទួលបាននូវការអនុគ្រោះ​ និងការផ្តល់ជូនជាបន្តបន្ទាប់សព្វគ្រប់បែបយ៉ាង ។ រាជរដ្ឋាភិ បាល​ ក៏បានឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់​ រៀបចំបន្ទប់ថ្វាយបង្គុំ​ សម្រាប់គ្រូពេទ្យ​ សិស្ស និស្សិត​ និង​ អ្នកជំងឺ​ ដែលជាសាសនិកឥស្លាម​ បានថ្វាយបង្គុំ ប្រតិបត្ដិតាមប្រពៃណីផងដែរ ។

ក្នុងឱកាសនោះ​ផងដែរ លោក​ ទេសរដ្ឋមន្ត្រី​ ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់​ ចូលរួមសាមគ្គីគ្នាជាធ្លុងមួយ​ ធ្វើយ៉ាងណា​ ការពារឲ្យបាននូវសុខសន្តិភាព​ ដែលរាជរដ្ឋាភិបាល​ បានខិតខំរកមកដោយលំបាក​ ឲ្យនៅគង់វង្សជានិច្ចនិរន្តតរៀងទៅ។ សូមបញ្ជាក់ថា៖ កញ្ចប់គ្រឿង ទេស គ្រឿងឧបភោគ បរិភោគទាំងនេះ ជាការសហការឧបត្ថម្ភរបស់សប្បុរសជនមួយចំនួន រួមមាន ក្រុមហ៊ុនទេសចរណ៍យូណេសធួរ ក្រុមហ៊ុនសាលីកាត្រេឌីង ក្រុមហ៊ុនណាសាខូសមេតិក និងលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ ៕ សំរិត


ចែករំលែក៖