ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបាត់បង់សមាជិកជាបន្តបន្ទាប់ ក្នុងសភា មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា ស្វែងរកការគាំទ្រពីបរទេស

ចែករំលែក៖

ចាប់តាំងពីការធ្វើរដ្ឋប្រហារមិនបានសម្រេច ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានចាត់វិធានការតឹងតែងបំផុត កម្ចាត់ក្រុមប្រឆាំង នៅក្នុងប្រទេសរបស់លោក ដោយបានកាត់ទោសដាក់ពន្ធនាគារជាច្រើនរូប ក៏ដូចជាដកអភិឯកសិទ្ធិ តំណាងរាស្ត្រក្រុមប្រឆាំងជាច្រើនរូបផងដែរ ។

ដោយស្ថានភាពនយោបាយកំពុងតែចាញ់ប្រៀបទៅលើប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ មេបក្សប្រឆាំង និងតំណាងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានធ្វើដំណើរទៅកាន់ប្រទេសន័រវែស ដើម្បីពិភាក្សាគ្នា អំពីជម្រើសដ៏មានសក្តានុពល ក្រោយពីរដ្ឋប្រហារបរាជ័យប្រឆាំង ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ។

ដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញថា ភាគីទាំងពីរអាចនឹងស្វែងរកវិធីសាស្ត្រថ្មីមួយ ក្រោយពីការបរាជ័យជាបន្តបន្ទាប់ចំពោះកិច្ចចរចាគ្នារវាងគណបក្សប្រឆាំង នឹងគណបក្សសង្គមនិយមដែលកាន់អំណាច និងស្របពេលដែលស្ថានការវិបត្តិនយោបាយកំពុងកើនកម្តៅខ្លាំងឡើង ។

លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានថ្លែងថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលបានធ្វើកិច្ចចរចានៅក្នុងឆ្នាំនេះ គឺដើម្បីបង្កើតរដ្ឋាភិបាលផ្លាស់ប្តូរមួយ ដែលមិនរួមបញ្ចូលលោកម៉ាឌូរ៉ូ នោះឡើយ ។ ប្រភពពីក្រុមប្រឆាំងវេណេហ្ស៊ុយអេឡាបានថ្លែងថា ការខិតខំប្រឹងប្រែងទាំងអម្បាលម៉ាននោះបានបែកខ្ញែកគ្នា ក្រោយពីគណបក្សប្រឆាំងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធវេណេហ្ស៊ុយអេឡាក្រោកឡើងប្រឆាំងនឹងលោក ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ។

ចាប់តាំងពីពេលនោះមក មេទ័ពរបស់ប្រទេសនេះបានស្បថស្ម័គ្រស្មោះជាមួយលោក ម៉ាឌូរ៉ូ ដែលបានពណ៌នាព្រឹត្តិការណ៍កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នោះថាជាផែនការធ្វើរដ្ឋប្រហារ ។

មេដឹកនាំប្រឆាំង លោកជួន កាយដូ (Juan Guaido) បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីបណ្តោះអាសន្ន ហើយហៅការបោះឆ្នោតជ្រើសរើសលោកម៉ាឌូរ៉ូ ជាថ្មីក្នុងឆ្នាំ២០១៨នោះថា ជាការលួចបន្លំ ។ ប្រទេសជាង៥០ ជុំវិញពិភពលោកបានទទួលស្គាល់ លោក កាយដូ ថា ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសនេះ ទោះបីជាលោក មិនត្រួតត្រាយោធា ឬមុខងារជាមូលដ្ឋាននៃអភិបាលកិច្ច ក៏ដោយ ។

យោងតាមប្រភពព័ត៌មានបានផ្សាយថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Jorge Rodriguez និងអភិបាលរដ្ឋ Miranda លោក Hector Rodriguez មកពីគណបក្សសង្គមនិយមបានធ្វើដំណើរទៅទីក្រុង អូស្លូ (Oslo) ប្រទេសន័រវែស ។

សមាជិកសភាគណបក្សប្រឆាំង លោក Stalin Gonzalez រួមជាមួយទីប្រឹក្សានយោបាយ លោក Gerardo Blyde និង លោក Fernando Martinez ក៏បានទៅប្រទេសន័រវែសផងដែរ ។ មន្ត្រីពាក់ព័ន្ធជាច្រើនទៀតបានចូលរួមក្នុងការសម្របសម្រួលជម្លោះនយោបាយនេះ ក្នុងនោះមានមន្ត្រី ជំនួយការក្នុងកិច្ចព្រមព្រៀងសន្តិភាព កូឡុំប៊ីឆ្នាំ២០១៦ រវាងរដ្ឋាភិបាល និង ពួកឧទ្ទាម FARC ផងដែរ។

កាលពីដើមខែមីនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងការបរទេសន័រវែស បានថ្លែងថា ខ្លួនបានត្រៀមរៀបចំកិច្ចចរចាសម្រុះសម្រួលគ្នាដោះស្រាយវិបត្តិនៅវេណេហ្ស៊ុយអេឡា រវាងរដ្ឋាភិបាល នឹងក្រុមប្រឆាំង ។មន្ត្រីបានលើកឡើងថា មិនទាន់មានកិច្ចប្រជុំផ្លូវការណាមួយត្រូវបានធ្វើឡើងនោះទេ ។ ប៉ុន្តែភាគីនីមួយៗបាននិងកំពុងជួបជាមួយមន្ត្រីការទូតរបស់ប្រទេសន័រវែស ។

កន្លងមកថ្មីៗ ក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅវេណេហ្ស៊ុយអេឡា ប្រឈមនិងការបាត់បង់់តំណែងជាបន្តបន្ទាប់ ។ នៅពេលនេះដែរសភាធម្មនុញ្ញរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានដកអភ័យឯកសិទ្ធិសភាពីសមាជិកសភាជាតិនៃគណបក្សប្រឆាំង៥នាក់បន្ថែមទៀត ដើម្បីបើកផ្លូវកាត់ទោសអ្នកទាំងនេះពីបទក្បត់ជាតិ និងបះបោរ បង្កភាពចលាចលក្នុងប្រទេស។

ប្រភពព័ត៌មានបានឲ្យដឹងថា តំណាងរាស្ត្រសំខាន់ៗរបស់បក្សប្រឆាំងដែលបានដកហូតអភ័យឯកសិទ្ធិនោះ រួមមាន លោក Juan Andres Mejia, លោក Sergio Vergara, លោក Freddy Superlano, លោក Carlos Paparoni និង លោក Miguel Pizarro។

ពេលកន្លងមកថ្មីៗ តំណាងរាស្ត្រ៧រូប ក៏ត្រូវបានសភាធម្មនុញ្ញរបស់លោក ម៉ាឌូរ៉ូ ដកអភ័យឯកសិទ្ធិផងដែរ ដោយចោទថាអ្នកទាំងនេះមានជាប់ពាក់ព័ន្ធនឹងទង្វើធ្វើរដ្ឋប្រហារ មិនបានសម្រេចនៅក្នុងប្រទេសនេះ។

សកម្មភាព ទាំងនោះ គឺជារឿងដ៏ល្អប្រសើរ សម្រាប់ មេដឹកនាំវេណេហ្ស៊ុយអេឡា ដើម្បីកម្ចាត់ ក្រុមប្រឆាំង ដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសតួកគីនាពេលកន្លងមក។ ក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេច ប្រធានាធិបតីតួកគីបានចាប់ខ្លួននិងដកតំណែងមន្ត្រីប្រឆាំងរាប់រយនាក់ ដាក់ទោស ។

ពេលនេះមេបក្សប្រឆាំងលោក Guaido កំពុងពិចារណាស្នើសុំអន្តរគមន៍យោធាពីសហរដ្ឋអាមេរិក ខណៈបេសកជនពិសេស ម្នាក់របស់លោកគ្រោងនឹងជួបជាមួយមន្ត្រីនៃមន្ទីរបញ្ចកោណអាមេរិកនៅសប្ដាហ៍ក្រោយនេះ៕


ចែករំលែក៖