ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអាស្រមមួយទៀត នៅតំបន់ព្រៃឡង់ ក្នុងទឹកដីខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ រកឃើញអាស្រមមួយមានវ័យចំណាស់ ឋិតនៅលើចង្កេះភ្នំជី ហៅថា រលួសក្នុង នៅតំបន់ព្រៃឡង់ ភាគខាងត្បូង ស្ថិតនៅក្នុងទឹកដីភូមិគ្រាំង ឃុំសុចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានព្រះសង្ឃ គង់នៅទីអាស្រមនោះ ។

ព្រះអង្គបានឲ្យដឹងថា ព្រះអង្គមានព្រះនាមហៅថា អ៊ុ បូរិណ មានស្រុកកំណើតរស់នៅភូមិកែរង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ព្រះអង្គចូលបួសធ្វើជាសង្ឃនៅវត្តអណ្ដូងព្រីងនៅឆ្នាំ១៩៩៣ ប៉ុន្តែព្រះអង្គបានមកគង់នៅកន្លែងអាស្រមនេះ ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៦ ក៏បានការអនុញ្ញាតមកពីលោកអភិបាលស្រុកសណ្ដាន់ លោករដ្ឋបាលព្រៃឈើ ដែលមានស្នាក់ការនៅឃុំទំរីង និងលោកមេឃុំទំរីង ។ ព្រះអង្គគង់នៅអាស្រមនោះ ដើម្បីអភិរក្សព្រៃឈើសត្វព្រៃ និងថែរក្សារអាស្រម ស្រះទឹក វត្ថុបុរាណមួយចំនួនទៀត ដែលមានអាយុកាលជាយូរយារណាស់មកហើយ ។ អាស្រមមួយនេះ នៅលើចង្កេះភ្នំជី ឈៀងខាងជើង ភ្នំមានកម្ពស់ពីក្រោមមកដល់អាស្រមមានប្រវែង,៧០ម៉ែត្រ ពីក្រោមទៅដល់កំពូលភ្នំ មានប្រវែង,៧០០ម៉ែត្រ ។

ខណៈនោះដែរ ព្រះអង្គក៏បានសាងសង់កាំជាន់ ដើរបានមួយខ្សែ ដែលមានកាំចំនួន២១៧កាំ ថែមទាំងបណ្ដុះកូនឈើគ្រប់ប្រភេទមាន៖ បេង, ធ្នង់, នាងនួន, ប្រិច, ស្ដៅ សរុបទាំងអស់មានចំនួនជាង ២០០០០ដើម ។ បន្តមកទៀត ដែលព្រះអង្គខ្វះថវិកាដាំដុះ ព្រះអង្គសុំអំពាវនាវរកសប្បុរសជន ឲ្យជួយព្រះអង្គ ដើម្បីយកទៅដាំកូនឈើឡើងវិញ និងបណ្តុះកូនឈើបន្ថែមទៀតផង ៕ ប៊ុនរិទ្ធី

 

 

 


ចែករំលែក៖