ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាឲ្យលោក ទាវ សំអឿន អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីសាលាខណ្ឌនិងសង្កាត់ ចុះទៅត្រួតពិនិត្យទីតាំងអ៊ិនធឺណេតយីហោ “22B សញ្ញាសេះហោះ” ដែលរងការចោទថា លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ។
យោងតាមកំណត់ហេតុរបស់អាជ្ញាធរខណ្ឌទួលគោក កាលព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា ទីតាំងហាងអ៊ីនធឺណេតយីហោ “22B សញ្ញាសេះហោះ” ដែលរងការចោទថា មានបង្កប់ល្បែងស៊ីសង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺមានច្បាប់អនុញាតិចេញពីក្រសួងព័ត៌មានត្រឹមត្រូវ និងរកមិនឃើញនូវអ្វីដូចការចោទរបស់ប្រជាពលរដ្ឋឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌទួលគោក បានហាមម្ចាស់ទីតាំងអ៊ិនធឺណេតយីហោ “22B សញ្ញា សេះហោះ” នេះមិនឲ្យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ដូចដែលប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរនោះទេ។
សូមបញ្ជាក់ថា ការចុះទៅពិនិត្យ និងធ្វើកំណត់ហេតុថា ហាងអ៊ីនធឺណេតខាងលើ គ្មានល្បែងស៊ីសង បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យអ្នកសារព័ត៌មានចុះផ្សាយរឿងទីតាំងអ៊ិនធឺណេតយីហោ (22B សញ្ញា សេះហោះ ) មានបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោង ហើយមានក្មេងទំនើងចេញចូលលេងល្បែងស៊ីសងសេពគ្រឿងញៀន និងបង្កភាពភ័យខ្លាចដល់ពួកគាត់ ។
ពលរដ្ឋសង្ឃឹមថា ទីតាំងខាងលើនេះ នឹងមិនមានបើកល្បែងស៊ីសង នៅពេលដែលអាជ្ញាធរត្រលប់ទៅវិញអស់ ព្រោះរាល់ថ្ងៃពួកគាត់រស់នៅក្បែរនោះ ពិតជាឃើញផ្ទាល់ភ្នែកថា មានបើកល្បែងស៊ីសងប្រាកដមែន ៕ស រស្មី