ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ នៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិម្នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តាមដីការរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនអតីតមន្រ្តីគណបក្សសង្រ្គោះជាតិនេះ លោក ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ថា នៅថ្ងៃនេះពិតជាមានការឃាត់ខ្លួនអតីតអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិមែន ដោយអនុវត្តតាមដីការបស់សាលាតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយបង្គាប់ឲ្យសមត្ថកិច្ចឃាត់ខ្លួលោក ប៉ុល ទិត្យធានី ពាក់ព័ន្ធនឹងបុគ្គលនេះ បានធ្វើសកម្មភាពចុះព្យាបាល និងចាក់ថ្នាំជូនប្រជាពលរដ្ឋគ្មានវិជ្ជាជីវៈ គ្មានការអនុញ្ញាតពីមន្ដ្រីជំនាញឲ្យបានត្រឹមត្រូវ ។

ប្រភពបានឲ្យដងថា ការឃាត់ខ្លួននេះ ដោយយោងតាមពាក្យបណ្ដឹងរបស់មន្ទីរសុខាភិបាល ដែលប្ដឹងចូលទៅកាន់ព្រះរាជអាជ្ញា ហើយកន្លងទៅមន្ទីរសុខាភិបាល ក៏បានហៅបុគ្គលនេះ ទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទៀតផង ដោយតម្រូវឲ្យសុំច្បាប់ត្រឹមត្រូវ តែរូបគេមិនធ្វើតាម។

គួរបញ្ជាក់ផងដែរថា លោក ប៉ុល ទិត្យធានី ជាសមាជិកប្រតិបត្តិទទួលបន្ទុកផ្នែកហិរញ្ញិក របស់គណបក្សសង្រ្គោះជាតិនៅខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្ន លោក ប៉ុល ទិត្យធានី ក្រៅពីគ្រូពេទ្យដើរចាក់ថ្នាំ គឺលោក ប៉ុលទិត្យធានី ក៏ជាគ្រូបង្រៀនម្នាក់ផងដែរ និងជាសកម្មជនដ៏សកម្មម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រហូតមកដល់ពេលនេះ លោក ប៉ុល ទិត្យធានី កំពុងដំណើរការសាកសួរនៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖