ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមជំនុំជម្រះ សម្រេចដាក់ទោសកូនស្រីបង្កើត អតីតប្រធានផ្សារធំថ្មី ជាប់ពន្ធនាគារ៨ខែ ពាក់ព័ន្ធលើសំណុំរឿងចេញសែកគ្មានសាច់ប្រាក់

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩ លោក គីប្ញទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនសការប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ស្ត្រីជាប់ចោទម្នាក់ឈ្មោះ ម៉េង វណ្ណនី ដាក់ពន្ធនាគារកំណត់រយៈពេល ៨ខែ ពាក់ព័ន្ធលើសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ ។

ស្ត្រីជាប់ចោទឈ្មោះ ម៉េង វណ្ណនី ត្រូវបានគេដឹងថា ជាកូនស្រីបង្កើតរបស់ អតីតប្រធានផ្សារធំថ្មី ហើយក៏ធ្លាប់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល១៨ខែ ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»។

សូមជម្រាបជូនបន្ថែមថា ស្ត្រីជាប់ចោទឈ្មោះ ម៉េង វណ្ណនី នៅមានសំណុំរឿងជាច្រើនទៀត ដែលតុលាការកំពុងបន្តចាត់ការ ។

គួរបញ្ជាក់ផងដែរថា លោក គី ប្ញទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសស្ត្រី ជាពាណិជ្ជករខាងលើនេះ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ដោយកែប្រែពីបទចោទឆបោក ទៅជាបទចេញសែកស្អុយ (ចេញវិក័យប័ត្រគ្មានសាច់ប្រាក់) នៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៨កន្លងទៅ ។

ក្នុងនោះ ចៅក្រមជំនុំជម្រះ បានសម្រេចឲ្យជនជាប់ចោទ ឈ្មោះម៉េង វណ្ណនី សងសំណងទៅដើមបណ្តឹងឈ្មោះ អ៊ូ ស្រីទូចចំនួន៦ម៉ឺនដុល្លារ និងប្រាក់ជាជម្ងឺចិត្តចំនួន ៤លានរៀលក្រោមបទចោទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»។

ជាមួយគ្នានេះ តុលាការ ក៏បានប្រកាស បើកសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ម៉េង វណ្ណនី ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ លុះនៅព្រឹកថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក គី ប្ញទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនសការប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ស្ត្រីជាប់ចោទម្នាក់ឈ្មោះម៉េង វណ្ណនី ដាក់ពន្ធនាគារកំណត់រយៈពេល ៨ខែវិញ ៕ស តារា


ចែករំលែក៖