ខេត្តសៀមរាប៖ លោកសេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេច ប្រគល់ជូនចៅប្រុសស្រីភ្លោះចំនួន៣នាក់ ដែលទើបនឹងសម្រាលកាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ។
កូនភ្លោះទាំង៣នាក់នេះ មានប្រុស២នាក់ និង ស្រី១នាក់ ដែលមានឪពុកឈ្មោះ អូ ញ៉ា និងម្តាយឈ្មោះ ឪ ស្រីរ៉ង មានស្រុកកំណើតនៅភូមិព្រះឫស្សី ឃុំព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយ រួមមាន ៖ អង្ករចំនួន ២០០ គីឡូក្រាម , ទឹកដោះគោចំនួន០១កេស , ស្ករសចំនួន០៥គីឡូក្រោម , ក្រម៉ា០២ , សារ៉ុង០២ និងថវិកាចំនួន៥លានរៀល ។
លោកសេង ទៀង ថ្លែងថា ការយកអំណោយមកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឺសម្ដេច មិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ និងទទួលបានអំណោយដូចៗគ្នា ។ បើតាមសេង ទៀង បញ្ជាក់ថា រហូតមកដល់ពេលនេះ ការមកចែកអំណោយ ជូនដល់កូនភ្លោះទាំង៣នាក់នេះគឺជាលើកទី៣៤៥ហើយ ៕ ប៊ុនរិទ្ធី