ព័ត៌មានទាន់ហេតុការណ៍៖

ឈប់រថយន្ត មិនដាក់សញ្ញាសម្គាល់ ត្រូវម៉ូតូបុកស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូលឿនគេចមិនទាន់ ទាក់ដៃចង្កូត នឹងរថយន្ត ដែលខូចហើយឈប់លើផ្លូវមិនដាក់សញ្ញាសម្គាល់ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលនៅខាងមុខ បណ្តាលឲ្យដួលបោកក្បាល កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ ។

ជនងគ្រោះឈ្មោះនូវ​ វីរះ​ ភេទប្រុស អាយុ២៩ឆ្នាំ​ ស្នាក់នៅមុខវត្តឫស្សីស្សាញ់​ មានស្រុកកំណើតនៅស្រុកកោះអណ្តែត​ ខេត្តតាកែវ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3C 2366 ឈប់លើដងផ្លូវក្នុងទិសដៅពីលិចទៅកើត ដោយមិនដាក់សញ្ញាសម្គាល់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក ស្មាស ពណ៌ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប​ 1J 3271 ធ្វើដំណើរមកពីក្រោយ វ៉ាក់អើជាមួយថយន្តគេចមិនផុត ក៏ប៉ះដៃចង្កូតហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ ភ្លាមនោះ អ្នកជិះម៉ូតូដែលនៅខាងមុខ មិនបានឈប់ក៏បន្តដំណើរទៅមុខបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖