ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់លង់ទឹកស្ទឹងស្លាប់ នៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ សិស្សថ្នាក់ទី៧ម្នាក់ ចុះលេងទឹកស្ទឹងលង់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចកំពង់ក្របៅ ស្ថិត នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ៖សពឈ្មោះ តាំង ធារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាសិស្សថ្នាក់ទី៧ អនុវិទ្យាល័យតាញ៉ោក មានទីលំនៅនៅភូមិស៊ីវុត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ឪពុកម្ដាយ បានទៅធ្វើកម្មករនៅឯទីក្រុងភ្នំពេញ រស់នៅតែម្នាក់ឯង។

តាមសាក្សី ១/-ឈ្មោះ ធាង ចុង ថាង ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិជាមួយ ២/-ឈ្មោះ មៀត រដ្ឋ ភេទប្រុស អាយុ ១០ឆ្នាំ នៅភូមិជាមួយ ៣/-ឈ្មោះ លាក់ ជីលាំង ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិជាមួយ ពួកគាត់បានរៀបរាប់ថា៖ មុនពេលកើតហេតុបាននាំគ្នាមក លេងទឹកស្ទឹង នៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះបានដើរតាមបណ្ដោយទឹកស្ទឹង មកខាងក្រោម កំពង់ក្របៅនេះក៏បានធ្លាក់ចូលល្បាក់អន្លុង បណ្ដាលឱ្យលង់ទឹកបាត់នៅទីនោះ។

ពួកខ្លួនបានឃើញដូច្នេះក៏បានរត់ទៅប្រាប់ឪពុក ម្ដាយនៅឯផ្ទះ ក៏បានញាតិជិតខាងនាំគ្នាទៅដល់ទី កន្លែងកើតហេតុ នាំគ្នាមុជ ទឹកស្ទឹង រាវរកជនរងគ្រោះ អ្នកភូមិជាច្រើននាក់បាននាំគ្នាមុជរាវរក ទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ជួយចាត់ចែងរាវរកផងដែរ លុះដល់ម៉ោង ១២:២០នាទី ទើបបានឈ្មោះ សៀន សៀ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិប្រាសាទ រាវប្រទះឃើញក្មេងរងគ្រោះនៅបាតស្ទឹង តែស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចថា បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញស្រុកសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលនិងប្រជាពលរដ្ឋ ចុះដល់កន្លែង កើតហេតុដើម្បីពិនិត្យ សព ការ ពិនិត្យនៅលើប្រអប់មាត់មាន ទឹកលាយភក់ ក្រៅពីនេះនៅលើដងខ្លួននិង អវយវៈពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។

មូលហេតុ: ( មិនចេះហែលទឹក ) ក្រោយពីពិនិត្យចប់សព្វគ្រប់ រួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ័ ៕ ប៊ុនរិទ្ធី


ចែករំលែក៖