ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាសង្វេគណាស់ ខ្លួនពិការភ្នែកទាំងសងខាង រស់នៅជាកូនតូចៗ៦នាក់ ប្រពន្ធស្លាប់ចោល ដោយផឹកថ្នាំសម្លាប់ខ្លួន ខឹងប្តីបន្ទោសរឿងទិញសាច់ជ្រូកធ្វើម្ហូប

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសក្រីក្រពិការភ្នែកទាំងសងខាងម្នាក់ព្រមទាំងកូនប្រុសស្រីតូចៗ រស់នៅក្នុងបន្ទុក៦នាក់ ម្តាយស្លាប់ចោលព្រោះតែខឹងប្តីស្តីបន្ទោសតិចតួច រឿងឲ្យទៅទិញសាច់ជ្រូកយកមកធ្វើម្ហូប ចិត្តដាច់ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនចោលកូនៗ ចោលប្តីពិការភ្នែកទាំងពីរ ត្រូវបានអ្នកភូមិជួយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ហើយក្រុមគ្រូពេទ្យបានព្យាយាមជួយអស់ពីលទ្ធភាព ។

ក្រោយមកលោក អៀង វាន់ឌី បាននាំអំណោយសប្បុរសធម៌ចែកជូនដល់បុរសពិការភ្នែក និងកូនៗ៦នាក់ ថែមទាំងយករថយន្តសម្តេចតេជោ ជួយដឹកសពមកផ្ទះវិញ ។ ហេតុការណ៍នេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។

លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ស្រ្តីដែលបានស្លាប់ដោយសារការផឹកថ្នាំបាញ់ស្មៅខាងលើនេះ មានឈ្មោះនេត ស៊ីនឿន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឬទ្ធីសែនជ័យ២ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោកថា ស្រ្តីខាងលើបានស្លាប់ដោយសារតែខឹងប្តី របស់ខ្លួនស្តីបន្ទាសបន្តិចបន្តួច រួចក៏សម្រេចចិត្តទៅផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លនឯង ដោយបន្សល់ទុក កូនប្រុសស្រី៦នាក់ តូចៗ និងប្តីពិការភ្នែកទាំងសងខាងម្នាក់ ឲ្យរស់នៅកំព្រារ គួរឲ្យអាណិតអាណោចអាធ័មក្រែលែង ។

លោកបានបន្តថា ដោយមានការចង្អុលបង្ហាញ និងមានការយកជិតទុកដាក់ ពីនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះប្រជាពលរដ្ឋទីទាល់ក្រ និងមានទុក្ខលំបាក ត្រួវទទួលមើលការខុសត្រូវ គាំពារដល់ជនទីទាល់ក្រ លំបាកតោកយ៉ាកចំពោះពួកគាត់ ។

លោក បានចាត់ឲ្យមេបញ្ជាការរង នាំយកអំណោយសប្បុរសធម៌ ទៅចែកជូនបុរសក្រីក្រពិការភ្នែកទាំងសងខាង និងកូនៗទាំង៦នាក់ ព្រមទាំងរថយន្តជួយដឹកសព ដើម្បីជួយសម្រួលពីទុក្ខលំបាករបស់ពួកគាត់បានមួយកម្រិត ។

អំណោយដែលចែកជូននោះ មានអង្ករ ៥០គីទ្បូក្រាម, សារ៉ុង ០១, ភួយ០១, មុង០១,ទឹកបរិសុទ្ធ ១០យួរ និងថវិកាចំនួន: ១.១០០.០០០រៀល (មួយលានដប់ម៉ឺនរៀល ។

បច្ចុប្បន្ននេះ សាកសពស្ត្រីនោះ ត្រូវបានក្រុមគ្រួសារនាំសព ដឹកនាំដោយរថយន្តអំណោយរបស់សម្តេចតេជោ ក្រោមការបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត យកទៅផ្ទះធ្វើបុណ្យទៅតាមប្រពៃណីសាសនាទំនៀមទម្លាប់ខ្មែរ ។

គួររំលឹកថា បុរសពិការភ្នែកបានរៀបរាប់ថា មុនកើតហេតុ ខ្លួនបានប្រើប្រពន្ធគាត់ឲ្យលុយ២០០០០រៀល ទៅទិញសាច់ជ្រូក មកធ្វើម្ហូប ដោយមានការយឺតយ៉ាវ ខ្លួនក៏ស្តីបន្ទោស ដល់រូបគេ ដោយខ្លួនហេវមកពីធ្វើការ ប្រពន្ធគាត់ក៏បន្ទោសកូនតគ្នា ថាបានប្រើទៅយូរហើយ ក្រោយមកមិនបានប៉ុន្មានផង ស្រាប់តែកើតហេតុការណ៍នេះតែម្តង ហើយក៏បានអ្នកជិតខាងជួយដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត តែអកុសល គាត់បានស្លាប់ទៅហើយ ហើយគាត់មិនដឹងសង្ឃឹមអ្វីទៀតដែរ ខ្លួនពិការភ្នែត កូននៅតូចៗ អត់ពីប្រពន្ធទៅ គាត់សូមអំពាវវនាវដល់ សប្បុរសជនជិតឆ្ងាយ ក្នុងស្រុក និងក្រៅស្រុក សូមជួយគាត់ផង អត់ពីប្រពន្ធទៅ ខ្លួនក៏ពិការភ្នែកទាំងពីរទៀត ។

គាត់ក៏បានអរគុណដល់មេបញ្ជាការ បានយករថយន្តជួយដឹកសពប្រពន្ធគាត់ និងនាំអំណោយជួយកាត់បន្ថយ នូវជីវភាពទីទាល់ក្រីក្រលំបាករបស់គាត់ និងថ្លែងអរគុណលោកមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺមានវត្តមានសម្តេចទាំងទ្វេ ។ គាត់ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យតាមបីបាច់ថែរក្សាសម្តេចទាំងពីរ ឲ្យប្រកបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លាងឃ្លាតឡើយ ៕ មាស សុផាត


ចែករំលែក៖