ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំសុំឲ្យសមត្ថកិច្ចចាប់ខ្លួនអ្នកបង្ហោះតាមបណ្តាញសង្គមថា មានការជួលធ្វើ​សញ្ញាបត្រ​បាក់ឌុប​ និង​បរិញ្ញាបត្រ​គ្រប់ផ្នែក​

ចែករំលែក៖

ភ្នំពេញ​៖ កាលពីពេលថ្មី​កន្លងទៅនេះ​ មានគណនី​ហ្វេសប៊ុកឈ្មោះ​ “សេវាផ្សេងទៀត​”​ បានធ្វើ​ការបង្ហោះតាមបណ្តាញសង្គមថា​ មានទទួលធ្វើសញ្ញាបត្រ​បាក់ឌុប​ និងបរិញ្ញាបត្រ​គ្រប់ផ្នែក​។ ការបង្ហោះគ្មានការទទួលខុសត្រូវនិងល្មើសច្បាប់នេះ ត្រូវបានក្រសួងអប់រំ​ យុវជន​ និងកីឡា​ ប្រកាសព័ត៌មាននិងបានធ្វើការបកស្រាយថា​ ​ មិនមានការជួលធ្វើ​សញ្ញាបត្រ​បាក់ឌុប​ និងបរិញ្ញាបត្រ​គ្រប់ផ្នែកនោះទេ​ ដូច្នេះអ្នកដែល​បង្ហោះត្រូវតែទទួលទោស​តាមច្បាប់ ។
នេះបើយោងតាម​ សេចក្តីប្រកាស​ព័ត៌មាន​ របស់ក្រសួងអប់រំ​ យុវជន​ និងកីឡា​ ចេញផ្សាយ​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០១៩​ នេះ​ ។
សារនេះ​ត្រូវបាន​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ បញ្ជាក់ថា​ នេះជា​អំពើបោកប្រាស់​ និងបង្ខូចកេរ្តិ៍ឈ្មោះ​របស់ក្រសួងទាំងស្រុង​ ។ បន្ថែមលើនេះ​ វាជាអំពើខុសច្បាប់​ ដែលជាការ​បំពានលើសេចក្តីថ្លៃថ្នូរ​និងកិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជាកំណែទម្រង់​របស់ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និងជាពិសេស​គឺប៉ះពាល់ទៅដល់​ស្មារតី​របស់​សិស្ស​និស្សិត​ខ្មែរ​ដែលខិតខំ​រៀនសូត្រ​ ។
ក្រសួងអប់រំសូមអំពាវនាវ​ឲ្យមន្រ្តីអាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ ជួយស្វែងរកជន​ល្មើសពាក់ព័ន្ធ​ក្នុងករណីនេះដើម្បីយកមកធ្វើការ​ផ្តន្ទាទោស​តាមផ្លូវច្បាប់​ផងដែរ​ ៕ ប្រាថ្នា

ចែករំលែក៖