ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស​ជាង១០នាក់ ដោយការផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប

ចែករំលែក៖

កម្លាំងសន្តិសុខអេហ្ស៊ីប បានឲ្យដឹងនៅថ្ងៃទី​២០ ខែឧសភា​ថា អ្នកទេសចរណ៍ទៅកាន់ ប្រាសាទបុរាណ ពីរ៉ាមីត ជាច្រើនរងរបួស​ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយ មានគោលដៅទៅលើរថយន្តក្រុងដឹកភ្ញៀវទេសចរបរទេស នៅជិតសារមន្ទីរថ្មីមួយកន្លែង នាតំបន់ប្រាសាទបុរាណ «ពីរ៉ាមីត» ប្រទេសអេហ្ស៊ីប ។

ពលរដ្ឋក្នុងតំបន់បានឲ្យដឹងថា គ្រាប់បែកបានផ្ទុះឡើង លាន់សូរយ៉ាងខ្លាំង ខណៈរថយន្តក្រុងនោះកំពុងឈប់ រង់ចាំភ្លើងសញ្ញាចរាចរណ៍ ។ គ្រាប់បែកនោះ ត្រូវបានគេបង្កប់ នៅតាមដងផ្លូវ ហើយពេលរថយន្តក្រុងនោះ ធ្វើដំណើរទៅកាន់គោលដៅ នៅជិតសណ្ឋាគារ Movenpich ក៏កិនគ្រាប់បែកនោះ ទើបបង្កឲ្យផ្ទុះឡើង។

សារព័ត៌មាន Euro News បានផ្សាយថា នៅក្នុងហេតុការណ៍នោះ មិនបានបង្កឲ្យជនរងគ្រោះណាម្នាក់បាត់បង់ជីវិតនោះទេ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ពីការវាយប្រហារទៅលើរថយន្តក្រុងដែលដឹកមនុស្សចំនួន២៨នាក់នោះដែរ។ បន្ទាប់ពីកើតហេតុភ្លាម ប៉ូលិសបានឡោមព័ទ្ធកន្លែងកើតហេតុ ប៉ុន្តែពុំមានជនសង្ស័យណាម្នាក់ ត្រូវចាប់ខ្លួននោះឡើយ។

គួរបញ្ជាក់ថា នេះជាការវាយប្រហារលើកទីពីរ ដែលមានគោលដៅទៅលើភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេល៦ខែ នៅតំបន់ខាងលើនេះ ។ កាលពីខែធ្នូ ឆ្នាំ២០១៨ អ្នកទេសចរជនជាតិវៀតណាម៣នាក់ និងអ្នកមគ្គុទ្ទេសក៍ជនជាតិអេហ្ស៊ីបម្នាក់បានស្លាប់ ដោយសារតែការបំផ្ទុះគ្រាប់បែក តាមដងផ្លូវស្រដៀងគ្នានេះដែរ ។ មនុស្ស១០នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រាប់បែកផ្ទុះលើរថយន្តក្រុងកាលណោះ ៕


ចែករំលែក៖