ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម ក្នុងផ្ទះបើកអាជីវកម្មពេទ្យធ្មេញ ដោយមានស្នាមកាំបិតកាប់ជាច្រើនកន្លែងលើដងខ្លួនបង្កការភ្ញាក់ផ្អើលទៅដល់ សមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យ និងធ្វើកោសលវិច័យជុំវិញកន្លែងកើតហេតុ ភ្លាមៗ ដោយសង្ស័យថាជាករណីគំនុំ ឬ អាចផ្តើមចេញពីស្នេហាត្រីកោណ ព្រោះ មុនពេលស្លាប់ជនរងគ្រោះដើរលេងជាមួយសង្សារដល់យប់ជ្រៅ ។
ករណីមនុស្សស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមកាំបិតកាប់សុសសាច់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិ ត្រពាំងព្រាយ សង្កាត់ពញ្ញាពន់ ខណ្ឌ ព្រែកព្នៅ ។
ជនរងគ្រោះមានឈ្មោះ ធន់ រ៉ាវីន ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្នាក់នៅជាមួយ ឪពុកមាឈ្មោះ មឿន សុវត្ថា ជាពេទ្យធ្មេញនៅចំណុចកើតហេតុ ខាងលើ ។
យោងតាមប្រភពព័ត៌មានពីក្រុម គ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុពួកគាត់ឃើញមានភ្ញៀវ មកធ្វើធ្មេញ ហើយជនរងគ្រោះបាន ទូរស័ព្ទហៅពេទ្យធ្មេញ ដែលដេកនៅ ផ្ទះនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែក ព្នៅ ។ លុះនៅពេលដែលឪពុកមាឈ្មោះ មឿន សុវត្ថា ជាពេទ្យធ្មេញមកដល់ និងបើកទ្វារចូលទៅក្នុងស្រាប់តែប្រទះឃើញក្មួយដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្រែបាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋានចុះមកត្រួតពិនិត្យតែម្តង ។
បើតាមប្រភពពីអ្នកជិតខាងបានឲ្យដឹងដែរថា កាលពីវេលាម៉ោងប្រមាណ៧យប់ ជនរងគ្រោះបានធ្វើដំណើរទៅហូបការអ្នកភូមិនៅក្បែរនោះជំនួសឪពុកមារហូតដល់ម៉ោង៩យប់បានត្រឡប់មកផ្ទះវិញរួចបានទៅដើរលេងជាមួយសង្សារបន្តដល់យប់ជ្រៅទើបបានត្រឡប់មកដេកវិញ។ លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលឃើញ ជនរងគ្រោះស្លាប់តែម្តង ។
លោក ឈិន គឹមធុយ អធិការនគរបាល ខណ្ឌព្រែកព្នៅ បានប្រាប់អង្គភាពកាសែតនគរវត្តតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២០ ខែឧសភានេះថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម ប៉ុន្តែមិនទាន់ ដឹងថា ផ្តើមចេញពីរឿងគំនុំ ឬអាចផ្តើម ចេញពីស្នេហាត្រីកោណនោះទេ ព្រោះ បច្ចុប្បន្នសមត្ថកិច្ចជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវរឿងនេះយ៉ាងយក ចិត្តទុកដាក់បំផុតហើយមិនឲ្យជនល្មើស រត់រួចពីសំណាញ់ច្បាប់នោះបានឡើយ។
គួរបញ្ជាក់ផងដែរថា ចំពោះករណីខាង លើនេះ នៅជុំវិញកន្លែងកើតហេតុក្រុម គ្រួសារជនរងគ្រោះសង្ស័យថា អាចជា ករណីប្លន់ ព្រោះជនរងគ្រោះបានបាត់ គ្រឿងអលង្ការដូចជា៖ ខ្សែក,ចិញ្ចៀន, ខ្សែដៃ ដោយឃាតកគាស់ចូលតាម បង្អួចទ្វារក្រោយផ្ទះរួចសម្លាប់ជនរងគ្រោះ យកទ្រព្យសម្បត្តិហើយគេចខ្លួនបាត់ ។
ករណីឃាតកម្មកាប់សម្លាប់យុវជនជា ពេទ្យធ្មេញនេះ សមត្ថកិច្ចបានឲ្យដឹងថា ឃាតកមានចិត្តសាហាវខ្លាំងណាស់ គឺក្រោយពេលសម្លាប់ជនរងគ្រោះ ហើយ ហាក់មានបំណងចង់បំបាត់ភស្តុតាងព្រោះនៅកន្លែងកើតហេតុបានរក ឃើញដបសាំងមួយ ។
សមត្ថកិច្ចឱ្យដឹងទៀតថា ដោយឡែក នៅលើខ្នងសពវិញ គឺឃើញមានស្នាមរលាកជាច្រើនកន្លែងទៀតតែឱកាសមិន អំណោយផលឃាតកក៏បានរត់បាត់ទៅ។
ក្រោយកើតហេតុយោងតាមការពិនិត្យ និងសន្និដ្ឋានថា ជនរងគ្រោះមុនពេលស្លាប់ ក៏មានការប្រវតាយប្រតប់គ្នាជាមួយឃាតកផងដែរ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ធឿនព្រែកជ័យ