ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះរថយន្តទំនើបៗ កំពុងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅផ្សារព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងការរៀបចំសណ្តាប់ធ្នាប់ជាពិសេសលុបបំបាត់បានទាំងស្រុងមិនឲ្យមានការដាក់តាំងលក់ទំនិញផ្សេងៗនៅលើផ្លូវជាតិលេខ១មុខផ្សារព្រែកឯង បានធ្វើឲ្យមហាជនមានការគាំទ្រយ៉ាងខ្លាំង ។ តែអ្វីដែលធ្វើឲ្យមហាជនរិះគន់នោះគឺអ្នកមានរថយន្តស៊េរីទំនើបៗ ជិះឈប់ចតនៅលើចិញ្ចើមផ្លូវបំពានលើបំរាម ហាមចត ដែលទង្វើបែបនេះកំពុងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។

ដូចឃើញក្នុងរូបភាពនេះ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅបានដាក់បម្រាម ហាមចត នៅលើគន្លងផ្លូវជាតិដើម្បីបញ្ជៀកកុំឲ្យមានការកកស្ទះចរាចរ និងរៀបចំសណ្តាប់ធ្នាប់មុខផ្សារព្រែកឯងឲ្យបានល្អប្រសើរ ផ្ទុយទៅវិញបែរអ្នកជិះរថយន្តស៊េរីទំនើបៗឈប់ចកលើគន្លងផ្លូវជាតិបំពានលើបម្រាមហាមចតទៅវិញ ។ ពេលសន្តិសុខប្រចាំការនៅផ្សារចុះទៅណែនាំស្រាប់តែម្ចាស់រថយន្តស៊េរីទំនើបទាំងនោះមើលមុខសន្តិសុខវិញ ពេលខ្លះប្រើ សម្តីមិនសមរម្យមកលើសន្តិសុខទៅវិញ ។

ក្រុមសន្តិសុខរបស់សាលាខណ្ឌ ច្បារអំពៅដែលដាក់ប្រចាំការនៅផ្សារព្រែកឯងបានសម្តែងនូវការមិនពេញចិត្តចំពោះអ្នកមានរថយន្តស៊េរីទំនើបៗជិះ បែជាធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ១ បង្កការកកស្ទះចរាចរ ។

លោករស់ សុភក្តិ អភិបាលរងខណ្ឌដែលកន្លងមកបានដឹងនាំកម្លាំងចុះរៀបចំសណ្តាប់ទាំងថ្ងៃទាំងយប់ ដើម្បីធ្វើយ៉ាងណាលុបបំបាត់មិនឲ្យមានការលក់ដូរនៅលើផ្លូវជាតិលេខ១តទៅទៀត ក៍បានសម្តែងនូវការមិនពេញចិត្តចំពោះម្ចាស់យានយន្តដែលឈប់ចតនៅលើគន្លងផ្លូវជាតិ សម្រាប់អ្នកដំណើរធ្វើចរាចរផងដែរ ។

លោកអភិបាលរងខណ្ឌបានបញ្ជាក់ថា រដ្ឋបាលខណ្ឌបានខិតខំលុបបំបាត់មិនឲ្យមានការដាក់លក់ទំនិញផ្សេងៗនៅលើផ្លូវជាតិក្នុងគោលបំណងរៀបចំសណ្តាប់ឲ្យបានល្អប្រសើរ ពេលនេះក្រុមការងារលុបបំបាត់ភាពឥតសណ្តាប់ធ្នាប់នៅផ្សារព្រែកឯងបានហើយ តែអ្វីដែលធ្វើឲ្យមហាជនរិះគន់នោះគឺម្ចាស់យានយន្តមួយចំនួនឈប់ចតរថយន្តលើគន្លងផ្លូវជាតិបំពានលើ បម្រាម ហាមចត ។

ជាសំណូមពរ សូមឲ្យម្ចាស់យានយន្តដែលចូលទិញទំនិញផ្សេងៗនៅក្នុងផ្សារព្រែកឯង ត្រូវឈប់ចតនៅកន្លែងដែលសន្តិសុខបានរៀបចំឲ្យ ដូចជានៅមុខសាលាបឋមសិក្សាព្រែកឯងជាដើម្បី ។ សូមម្ចាស់យានយន្តចូលរួមទាំងអស់គ្នាដើម្បីរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អ ៕ សណ្តោស


ចែករំលែក៖