ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់មានជំងឺលើសឈាម និងជំងឺបេះដូងធ្ងន់ធ្ងរ បានស្លាប់បន្ទាប់ពីព្យួរសេរ៉ូមបានមួយសន្ទុះ

ចែករំលែក៖

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា តាមដំណើរគឺស្រ្ដីម្នាក់មានជំងឺលើសឈាមផង និងជំងឺបេះដូងធ្ងន់ធ្ងរផង បានមកឲ្យអ្នកគ្រូពេទ្យភូមិជួយសង្គ្រោះ ប៉ុន្តែត្រូវបានស្លាប់នៅនឹងផ្ទះគ្រូពេទ្យ បន្ទាប់ពីព្យួរសេរ៉ូមបានមួយសន្ទុះ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៣និង 00 នាទី នៅភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកវីរសេនីយ៍ឯក សុខ សុទ្ធាវុធ បានបន្ថែមថា ជនរងគ្រោះឈ្មោះ លាង វង ភេទស្រី អាយុ ៤៧ ឆ្នាំមានទីលំនៅភូមិតាគម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ចំណែក អ្នកគ្រូពេទ្យឈ្មោះ មិន វឌ្ឍនា ភេទស្រីអាយុ ៣១ ឆ្នាំជាពេទ្យមធ្យមបម្រើការងារនៅមណ្ឌលសុខភាពជីក្រែង រស់នៅភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាល និងលោកវេជ្ជបណ្ឌិតអ៊ិនឆប ចុះពិនិត្យ ឃើញថា ករណីនេះមិនមែនជារឿងឃាតកម្មទេ ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យពិនិត្យធ្វើកោសល្យវិច័យជាលទ្ធផលឃើញថា ជនរងគ្រោះស្លាប់ដោយជំងឺស្ទះសរសៃឈាមចិញ្ចឹមបេះដូង ។

បើយោងតាមសមត្ថកិច្ចបានអះអាងថា ជនរងគ្រោះមកដល់ផ្ទះអ្នកគ្រូពេទ្យភ្លាម គ្រូពេទ្យពិនិត្យរួចក៏បានដាក់សេរ៉ូមប្រៃជួយសង្គ្រោះបឋមសិន ខណៈជំងឺបេះដូងធ្វើទុក្ខចុកពេញខ្លួន រួចក៏ហៅរថយន្តសង្គ្រោះដើម្បីនាំអ្នកជំងឺទៅពេទ្យខេត្ត ប៉ុន្តែដាក់សេរ៉ូមបានតែមួយសន្ទុះជនរងគ្រោះក៏ស្លាប់តែម្ដង ដោយគ្រូពេទ្យភូមិបានខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដែរ តែធ្វើម៉េចបើមានសភាពធ្ងន់ធ្ងរពេក ។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួច ក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

មកទល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លោកវីរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានអះអាងថា បើតាមការពិនិត្យរបស់សមត្ថកិច្ចលោក គឺគ្រូពេទ្យគ្មានកំហុស និងគ្មានទោសនោះទេ ព្រោះអ្នកគ្រូពេទ្យ មានបទពិសោធន៍ និងមានវិជ្ជាជីវៈត្រឹមត្រូវទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយគ្រូពេទ្យបានជួយសង្រ្គោះបឋម ដោយមានប្រើថ្នាំអីផ្សេងពី សេរ៉ូប្រៃនោះទេ ហើយបន្ដរករថយន្ដដឹកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តទៀត តែចំណែកប្រព័ន្ធតុលាការគេសម្រេចយ៉ាងណានោះ លោកពុំដឹងច្បាស់នោះទេ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖