ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង វាយដំប្រពន្ធស្ទើររាល់ថ្ងៃ ទ្រាំលែងបាន ប្តឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់ត្រូវបាននគរបាល ឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹង របស់ប្រពន្ធដោយសារតែទ្រាំលែងបាន នូវទង្វើ និងការឈឺចាប់ ខណៈផឹកស្រាស្រវឹងចាប់ទុកគាត់ជាបាវសាក់ទាត់ធាក់រាល់ថ្ងៃ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

បុរសជាប្តីដែលត្រូវឃាត់ខ្លួនឈ្មោះ ហោ ឆាយ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិឧកញ៉ាអុង ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្ត កណ្តាល ជាមនុស្សងប់ង៉ុល គ្រឿងញៀន និង សុរា ។ ចំណែក លោកយាយ ជាប្រពន្ធ មានឈ្មោះ ណុប សារី អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅឯខេត្តក្រចេះ ។ យាយ និងតា រស់នៅ ផ្ទះកើតហេតុ នៅចំណុចខាងលើ ។

តាមលោកយាយ បានឲ្យដឹងថា ប្តីរបស់គាត់តែងតែប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹង រករឿងបង្កហិង្សាក្នុងគ្រួសារ ប៉ូលិសចាប់ដាក់មណ្ឌលច្រើនលើកហើយ តែមិនរាងចាល មកដល់ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ប្រើអំពើហិង្សា វាយទាត់ធាក់ គាត់ជាប្រពន្ធ ប្តឹងប៉ូលិស ចុះទៅដល់ផ្ទះ តារត់គេចបាត់ លុះមកដល់រសៀលថ្ងៃដដែល ខឹងគាត់ប្តឹងប៉ូលិស មកដល់ផ្ទះ វាយគាត់ប៉ោងក្បាល សារជាថ្មី ប៉ូលិសចុះទៅម្តងទៀត រត់អត់រួច ចាប់ខ្លួនបាននាំទៅប៉ុស្តិ៍ ។

តាត្រូវបានប៉ូលិសឃាត់ខ្លួន តាមបណ្តឹង កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី យាយថាបើឲ្យចូលគុកកាន់តែយូរកាន់តែល្អ ព្រោះតាគាត់មិនរាងចាលសោះកន្លងមក ៕ សុខាសែនជ័យ​


ចែករំលែក៖