ព័ត៌មានទាន់ហេតុការណ៍៖

មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ដឹកសពឲ្យភ្លុកដុត ទាំងក្រុមគ្រួសារមិនទាន់ដឹង

ចែករំលែក៖

ភ្នំពេញ​៖​ សពបុរសម្នាក់ ត្រូវបានតាអាចារ្យភ្លុកដុតឆេះសឹងសុះអស់ទៅហើយ ក្រោយពីមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដឹកជនរងគ្រោះចេញពីមណ្ឌលថា យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តែជាអកុសល ជនរងគ្រោះគ្រូពេទ្យបានពិនិត្យហើយ ស្លាប់មុននឹងមកដល់មន្ទីរពេទ្យទៅទៀត ក៏ដឹកយកទៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយមិនបានប្រាប់ទៅក្រុមគ្រួសារសពផង ទាំងខាងមណ្ឌល ទាំងតាអាចារ្យ លួចដុតសពចោល ឆេះសុះអស់ទៅហើយ កាលពីវេលាម៉ោង១រសៀល ថ្ងៃដដែល ទើបផ្អើលឆោឡោ ក្រុមគ្រួសារ សមត្ថកិច្ច ដើរស្វែងរកសាកសព ទម្រាំដឹងគោលដៅ ដូចជាលាក់លៀម ក្រុមគ្រួសារ មិនសុខចិត្ត ប្រគល់ឲ្យសមត្ថកិច្ច ស្រាវជ្រាវ និងជួយរកយុត្តិធម៌ ។

សាកសពឈ្មោះ នួន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ជាមនុស្សញៀនថ្នាំ និងសតិមិនប្រក្រតី មានទីលំនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានក្រុមគ្រួសារ នាំយកទៅដាក់នៅមណ្ឌល សង្គមកិច្ច រាជធានីភ្នំពេញ ភូមិស្រែជម្រៅ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មកម្លេះ ដោយធ្វើឯកសារ ដាក់ជាជនអនាថា ។

តាមប្រភពដូចជាលាក់លៀម ពីខាងមណ្ឌល នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ មានអាការ: ចុកចុងដង្ហើម ហើយត្រូវបានខាងមណ្ឌល ដឹកតាមរថយន្តមណ្ឌល យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយបានស្លាប់ សុំឲ្យពេទ្យធ្វើឯកសារ មរណ:ភាពដើម្បីយកទៅបូជានៅវត្តឫស្សីសាញ់ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយប្រាប់តាអាចារ្យ រងចាំដល់ម៉ោង៣រសៀល ចាំបូជា តែតាអាចារ្យ មិនដឹងយ៉ាងម៉េច គ្មានអ្នកនៅមើលផង ស្រាប់តែម៉ោងទើប១ រសៀល តាអាចារ្យដុត សពឆេះអស់ ។

តាមការសាកសួរទៅខាងមន្ទីរពេទ្យ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ មុនចូលដល់មន្ទីរពេទ្យទៅទៀត ហើយខាងមណ្ឌល សុំឲ្យជួយធ្វើឯកសារ ថាយកសពទៅធ្វើបុណ្យនៅវត្តឫស្សីសាញ់ ។

តាមមតិមហាជនបានលើកឡើងថា ការស្លាប់របស់បុរសខាងលើ ដូចអាថ៌កំបាំង លាក់លៀមពត៌មានច្រើន ហើយបង្ខំដុតសពចោល ទាំងមិនផ្តល់ពត៌មានដល់ក្រុមគ្រួសារសព ហាក់ដូចជាបំបាត់ដានចោលអិចឹង ។

ទោះជាយ៉ាងណាក្តី ក្រោយបែកធ្លាយ ជនរងគ្រោះស្លាប់ ក្រុមគ្រួសារ តាមស្វែងរក ហើយទៅដល់ វត្តឫស្សីសាញ់ ទាំងអារម្មណ៍ក្តុកក្តួល និងហួសចិត្ត មិនគួរណា ខាងមណ្ឌល មិនផ្តល់ព័ត៌មានសោះ ហើយលោកតាអាចារ្យ លួចដុតសាកសពចោលខុសម៉ោងទៀត ។

ករណីដោយមិនប្រក្រតីខាងលើ ក្រុមគ្រួសារ ជនរងគ្រោះ មិនសុខចិត្តឡើយ រឿងរ៉ាវខាងលើ ប្រគល់ឲ្យសមត្ថកិច្ច ស្រាវជ្រាវ និងជួយរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ ព្រោះរឿងរ៉ាវ មានការលាក់លៀមច្រើន ខណ:ដែលសមត្ថកិច្ច ចុះទៅសាកសួរដល់មណ្ឌល តែខាងមណ្ឌមិនអនុញាតិឲ្យចូលឡើយ សុខចិត្តប្រាប់ឲ្យទៅវត្តវិញ ៕ សុខាសែនជ័យ


ចែករំលែក៖