ម៉ាឡេស៊ី៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត TUN Dr. Mahathir Mohamad នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងបានអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ឧសភា ២០១៩នេះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសសកម្មពិសេស ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមទទួលទានអាហារស្រាយបួសមិត្តភាពជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី និងតំណាងមកពី១២ ប្រទេស ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងរាជរដ្ឋាភិបាលបុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក កៅ អ៊ឹមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៏មាន កាលពីថ្ងៃព្រហស្បតិ៏ ៥រោចខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៣ ឧសភា ឆ្នាំ ២០១៩នេះ ថា៖ បន្ទាប់ពីបានពាំនាំអនុសា សន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអគុណដល់លោកបណ្ឌិតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ទំនាក់ទំនងការទូុតយ៉ាងល្អប្រសើររវាងប្រទេស ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំង២ ក៏ដូចជាទំនាក់ទំនងនៃភាពជាបងប្អូនជាមួយថ្នាក់ដឹកនាំ និងសហគមន៍ខ្មែរឥស្លាមជាដរាបតរៀងមកផងដែរ។
ស្របជាមួយគ្នានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអបអរសាទរដល់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ទំនុកចិត្តតែងតាំងជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC ដែលជាអង្គការធំទី២ លើពិភពលោកបន្ទាប់ពីអង្គការ UN។ លោកក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងសម្តែងនូវការកោតសរសើរដល់សម្តេច ចំពោះវីរភាព អង់អាចក្លាហាន និង ការដឹកប្រទេសឆ្ពោះទៅរកការរីកចម្រើនជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព និងគោលនយោបាយសុខដុមបនីយកម្ម ៕ សំរិត