ព័ត៌មានទាន់ហេតុការណ៍៖

លោក ទៀ សីហា អភិបាលខេត្តបញ្ជាឲ្យមន្រ្ដីចុះពិនិត្យមើល មន្ត្រីបម្រើការងារ ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តសៀមរាប៖ ករណីមានប្រជាពលរដ្ឋបានបង្ហោះ Facebook រិះគន់ទៅលើមន្ត្រីបម្រើការងារ នៅស្រុកស្វាយលើ ផ្នែក បញ្ជាក់សំបុត្រកំណើត ថារវល់លេងទូរស័ព្ទនោះ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាឲ្យមន្ត្រីចុះពិនិត្យ លើករណីហ្នឹងហើយ។ នេះបើតាមលោកអភិបាលខេត្តបានប្រាប់អង្គភាពបណ្ដាញសារព័ត៌មាន-នៅមុននេះបន្តិច។

អាខោនFacebook ឈ្មោះ (កូន អ្នកស្វាយលើ) បានសរសេរយ៉ាងដូច្នេះថា សូមលោកអភិបាលស្រុកស្វាយលើ លើមើលកូនចៅរបស់លោកផង ខ្ញុំបានបាត់សំបុត្របញ្ជាក់កំណើត ទៅរកនៅសាលាស្រុកគាត់ថា រវល់ចាំកន្លះខែក្រោយ ឬមួយខែក្រោយចាំមកយក ដល់កន្លះខែក្រោយមក ខ្ញុំទៅសួរ គាត់ថា មិនទាន់បានរកទេ រវល់ណាស់ ចាំបួនដប់ថ្ងៃទៀតចាំមកម្ដងទៀតមកពូ តែខ្ញុំបានទៅសួរជាបន្តរបន្ទាប់រហូត តាមពេលដែលពួកគាត់បានណាត់ តែគាត់នៅតែនិយាយថា មិនទាន់បានរកទេពូ ពួកខ្ញុំរវល់ណាស់ ហើយគាត់និយាយ តែមុខខ្ញុំគាត់មិនមើលផង មកដល់ពេលនេះ ជាងកន្លះឆ្នាំហើយ រាល់ពេលដែលខ្ញុំទៅ ខ្ញុំតែងសង្កេតមើលពួកគាត់រវល់មែន រវល់មើលទូរស័ព្ទគ្រប់ដៃ ។

ជុំវិញការសរសេររិះគន់បែបនេះ លោកឡុង ហំ អភិបាលស្រុកស្វាយលើ បានឲ្យដឹងថា តាមរយះទូរស័ព្ទថា ពេលនេះ លោកកំពុងតែប្រជុំ លើករណីហ្នឹង លោកថា សំរាប់រដ្ឋបាលស្រុកស្វាយលើ មិនដែលមានយឺតយ៉ាវលើការធ្វើសំបុត្រកំណើតនោះទេ ។ តែ២ ឬ៣ថ្ងៃ គឺធ្វើរួចហើយ។ លោកអភិបាលស្រុកបន្តថា បើតាមការពិនិត្យមើលរូបភាព គឺរូបថតដែលបានបង្ហោះនោះ គឺថតជាងកន្លះខែមុន ។ លោកទទូលស្គាល់ថា រូបភាពដែលបង្ហោះនោះ ជាមន្ត្រីបម្រើការងារនៅរដ្ឋបាលស្រុកស្វាយលើប្រាកដមែន។ បើតាមលោកបញ្ជាក់ថា ករណីហ្នឹងលោកនឹងធ្វើរបាយការណ៍មួយដើម្បីបកស្រាយចំពោះការចោទប្រកាន់នេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖