ភ្នំពេញ៖ ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតអសកលនាថ្ងៃទី២៦ ឧសភា ខាងមុខនេះ ដំណើរ ការទៅបានជោគជ័យ និងមានសន្តិសុខ បានល្អប្រសើរនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានកោះប្រជុំមួយជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទ ដើម្បីពង្រឹងឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសបោះឆ្នោតអសកលខាងលើ បានល្អប្រសើរ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតនេះដំណើរទៅបានល្អមានយុត្តិធម៌មានតម្លាភាព និងប្រជាធិបតេយ្យដាច់ខាតយើងត្រូវពង្រឹងលើការងារសន្តិសុខនេះហើយ ។ ដូច្នេះទេកងកម្លាំងប្រដាប់អាវុធចំណុះឲ្យគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរទាំង១៤ ខណ្ឌត្រូវតែពង្រឹងសន្តិសុខសម្រាប់ការ បោះឆ្នោតនេះឲ្យបានល្អប្រើសើរ ។
លោកបន្ដថា៖ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣បានបើកយុទ្ធនាកាលពី ព្រឹកថ្ងៃទី១៧ ឧសភា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រតាមកាលបរិច្ឆេតរបស់ គ.ជ.ប ហើយការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវធ្វើឡើងរយះពេល៨ថ្ងៃ ជាប់ៗគ្នាតាមប្រតិទិន របស់ គ.ជ.ប កំណត់ ដែលនឹងត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត ។ ការឃោសនាបោះឆ្នោតអាចធ្វើជារួមនៅថ្នាក់រាជធានីឬតាមខណ្ឌ (តាមការជាក់ស្តែង) ដែលគោលដៅសំខាន់គឺឆ្ពោះទៅរកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត ។
លោក បន្ដថា៖ នៅរាជធានីភ្នំពេញមានគណ បក្សនយោបាយចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ ។ គណបក្សទាំង៦ នោះរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា ។ តាមការចុះបញ្ជីគណបក្សនយោ បាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីចំនួន១១៥រូប និងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុបចំនួន១.៣៤៣រូបស្រី៥៣៧រូប ។ ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញ ក៏បានបំបែកគ្នាដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធី ដែលបានគ្រោងទុក៕ សំរិត