ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ ដាំដំណាំកញ្ឆាហាមឃាត់ខុសច្បាប់ សមត្ថកិច្ចចុះទៅបង្រ្កាប បម្រុងតដៃ យកកាំភ្លើងកែច្នៃ បាញ់មកលើសមត្ថកិច្ច តែសមត្ថកិច្ចភ្ជង់បានមុន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន២នាក់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​រតនៈមណ្ឌល ចុះបង្រ្កាប​ឃាត់ខ្លួនដាំដំណាំកញ្ឆាហាមឃាត់ខុសច្បាប់​ខណៈនោះជនសង្ស័យបានយកកាំភ្លើងកែច្នៃបម្រុងបាញ់មកលើសមត្ថកិច្ច ប៉ុន្តែត្រូវសមត្ថកិច្ចភ្ជង់ទាន់ វ៉ៃដាក់ខ្នោះបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ទៅលើជនសង្ស័យទាំង២នាក់ ហើយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ ។

លោក​អនុសេនីយ៍ឯក ឈុន រុន អធិការរងនគរបាល​ស្រុក​រតនៈមណ្ឌល​បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​នេះ ខាងលើ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១០​ព្រឹក នៅ​ចំណុច​ភូមិ​ជី​សាង ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដោយ​កម្លាំង​ជំនាញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រែង។

លោក​អធិការរង​បាន​បន្តថា បន្ទាប់ពី​បានដឹងថា មានការ​លបលួច ដាំ​ដោយ​ខុសច្បាប់​នូវ​រុក្ខជាតិ​ញៀន​(​កញ្ឆា​) រួចមក លោក​បាន​ដឹកនាំ​កម្លាំង ចុះទៅ​ដល់​ត្រង់ចំណុច​ខាងលើ នៅពេល​នោះដែរ​ក្រុម​ជនសង្ស័យ​ ដែលមាន​គ្នា២នាក់​បាន​ស្ទុះ​ទាញ​កាំភ្លើង​កែច្នៃ ដោយមាន​ចេតនា​ចង់​តដៃ ប៉ុន្តែ​ដោយ​សារ​កម្លាំង​មាន​ភាពរហ័សរហួន បាន​ភ្ជង់​ជាប់​មិនឲ្យ​ជន​ទាំងនេះ​កម្រើកខ្លួន​បាន ។

ជនសង្ស័យមាន ឈ្មោះ ឆុន ឆិ ភេទ​ប្រុស អាយុ៤០ឆ្នាំ (​អ្នក​ដាំ​កញ្ឆា​) និង ឈ្មោះ ហេង លី​ហ៊ួ​ត ហៅ ស្ដេច​ខ្មោច ភេទ​ប្រុស អាយុ៣៥ឆ្នាំ (​ជា​អ្នកផ្តល់​ដី​ដាំ​កញ្ឆា​) អ្នក​ទាំងពីរ រស់នៅ​ភូមិ​-​ឃុំ ខាងលើ ។ សមត្ថកិច្ចត្រួតពិនិត្យ រកឃើញ​ដកហូត​នូវ​វត្ថុ​តាង​ កញ្ឆា​ស្រស់ ចំនួន​៣០០​ដើម អាវុធ​ខ្លី​កែច្នៃ​ចំនួន​១ដើម ក្បាល​គ្រាប់​អាវុធ M ១៦ចំនួន ២៦ គ្រាប់ គ្រាប់​កង់ ចំនួន ៣ គ្រាប់ ឧបករណ៍ បំផ្ទុះ​ក្បាល​គ្រាប់ ចំនួន​៣ និង គីប​ផាវ​(​រំសេវ​) មួយចំនួន ៕ សំ វិច្ឆិកា


ចែករំលែក៖