ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើងឡើង កាលពីព្រលប់ម៉ោង៦និង៣០នាទី ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រោយពីមាននារីម្នាក់បានចុះពីលើផ្ទះជួល បានប្រទះឃើញសពយុវជនម្នាក់ចងកសម្លាប់ខ្លួនលើដើមខ្នុរ ក្បែរបន្ទប់របស់ខ្លួន ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កុសល ពិសី អាយុ២៧ឆ្នាំ សព្វថ្ងៃរស់នៅជាមួយអ៊ុំ និងជួយមើលការខុសត្រូវផ្ទះជួលរបស់អ៊ុំខ្លួន នៅចំណុចផ្ទះជួលកើតហេតុ ។
យោងតាមសម្ដីអ្នកជិតខាងរស់នៅផ្ទះជួលខាងលើបានឲ្យដឹងថា មុនថ្ងៃកើតហេតុ អ្នកជិតខាងបានសង្កេតឃើញយុវជនខាងលើដើរនិយាយទូរស័ព្ទមានទឹកមុខក្រៀមក្រំខុសពីធម្មតា ដោយឃើញទឹកមុខដូចនេះ អ្នកជិតខាងបានគិតថា ទំនងមានវិបត្តិអ្វីមួយហើយ ទើបមិនហ៊ានសួរនាំ ។ លុះមកដល់ព្រលប់ថ្ងៃកើតហេតុ ស្រាប់តែមាននារីម្នាក់ឈ្មោះ ចិត្តា អាយុ២២ឆ្នាំ មុខរបរជាសិស្ស ដែលស្នាក់នៅផ្ទះជួលខាងលើ បានចុះពីលើផ្ទះ ក៏ក្រឡេកឃើញសពយុវជនខាងលើបានចងកសម្លាប់ខ្លួនលើដើមខ្នុរ ទើបមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងតែម្ដង ។
ក្រោយមក ម្ចាស់ផ្ទះជួលបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យសពនៅកន្លែងកើតហេតុខាងលើ។ ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យរួច ក៏បានបញ្ជាក់ប្រាប់ថា យុវជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចក៏ប្រគល់សពឲ្យសាច់យកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ