ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកនៅនេប៉ាល​ ស្លាប់ និងរបួសជិត ១០នាក់

ចែករំលែក៖

មានករណីផ្ទុះគ្រាប់បែក ពីរលើកផ្សេងគ្នា នៅក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល​ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និង៥នាក់រងរបួស ។ ការវាយប្រហារនេះ ត្រូវបានរដ្ឋាភិបាលនេប៉ាល់ ចាត់ទុកថា ជាទង្វើរបស់ក្រុម Chand ។

លោក Biswaraj Pokharel អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរដ្ឋធានី កាថាម៉ាន់ឌូ ប្រទេសនេប៉ាល់ បានថ្លែងថា អ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែក២លើក កាលពីថ្ងៃអាទិត្យ បានកើនដល់៤នាក់ ។ ប៉ូលិសបានស៊ើបអង្កេតដឹងថា ការបំផ្ទុះគ្រាប់បែកទាំងនេះ គឺក្រុម Chand ជាអ្នកស្ថិតនៅពីក្រោយ នៃអំពើទាំងនេះ ហើយប៉ូលិសបានរកឃើញខិត្តប័ណ្ណ នៅកន្លែងកើតហេតុផងដែរ ។

គ្រាប់បែកទី១បានបំផ្ទុះឡើង នៅខាងក្នុងផ្ទះឯកជនមួយកន្លែង នៅតំបន់ Anamnagar មានចម្ងាយប្រហែល១គីឡូម៉ែត្រ ពីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីនេប៉ាល់ ។ រីឯអ្នកស្លាប់ចំនួន២នាក់ក្នុងហេតុការណ៍នេះ គឺដោយសារពួកគេជាអ្នករៀបចំបំផ្ទុះគ្រាប់បែកនេះ ។ គ្រាប់បែកទី២ បានបំផ្ទុះឡើង នៅជិតហាងកាត់សក់មួយកន្លែង នៅក្នុងសង្កាត់ Sukedhara ។

កម្លាំងទាហាន និងប៉ូលិសរាប់រយនាក់ បានដាក់ពង្រាយ និងរឹតបន្តឹងសន្តិសុខ ក្នុងរដ្ឋធានីកាថាម៉ាន់ឌូ នៃប្រទេសនេប៉ាល់ ក្រោយមានការបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នា ។ រដ្ឋាភិបាលបានកោះប្រជុំជាបន្ទាន់មួយ ដើម្បីទប់ស្កាត់នូវអំពើដ៏ឃោរឃៅទាំងនេះ ។

ទោះជាយ៉ាងជុំវិញការបំផ្ទុះគ្រាប់បែកខាងលើនេះ មិនទាន់មានក្រុមណាមួយ ចេញមុខមកទទួលខុសត្រូវចំពោះការវាយប្រហារខាងលើនេះនៅឡើយ។ ដោយឡែកប៉ូលិសវិញ បានអះអាងថា សមត្ថកិច្ចនេប៉ាល់បានចាប់ខ្លួនក្រុមឧទ្ទាម Chand ចំនួន៧នាក់ ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ៕


ចែករំលែក៖